កិច្ចប្រជុំរវាងក្រុមជំនាញការអន្តរជាតិ មកពី MRC ជាមួយក្រសួងរ៉ែ និងថាមពល (ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧)
ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រួមមាន ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង បានចូលរួមសម្របសម្រួល និងសហការដឹកនាំកិច្ចប្រជុំ រវាងក្រុមជំនាញការអន្តរជាតិ មកពីគណៈកម្មការទន្លេមេគង្គ ជាមួយក្រសួងរ៉ែ និងថាមពល នៅសាលប្រជុំក្រសួង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃនាយកដ្ឋានវារីអគ្គិសនី និងក្រុមជំនាញការអន្តរជាតិរបស់គណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៣រូប។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលពាក់ព័ន្ធនឹងការពិចារណារបស់ក្រសួងជំនាញ ពីលទ្ធផលវាយតម្លៃផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាននៃការអភិវឌ្ឍផ្តោតសំខាន់ វារីអគ្គិសនី លើវិស័យផ្សេងទៀត។ បន្ទាប់ពីបានស្តាប់បទបង្ហាញ អង្គប្រជុំបានពិភាក្សា និងផ្តល់អនុសាសន៍ ជាពិសេស សម្រាប់ការរៀបចំសេណារីយ៉ូអភិវឌ្ឍន៍វារីអគ្គិសនី ដែលបញ្ចូលហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយការកកដីល្បាប់បាតអាង ការរៀបចំជណ្តើរត្រី និងការរកដំណោះស្រាយបញ្ហាផលប៉ះពាល់អវិជ្ជមានផ្នែកជលផល តាមបែបវិទ្យាសាស្រ្តទំនើប៕
Hits: 2579