Developed by Khmer Focus

ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៅអាងបឹងសុងក្លា (ថ្ងៃទី ១៤-១៦ ខែសីហា ឆ្នាំ២០១៨)

Category: CNMC

សុងក្លា៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំ​ក្រុមការងារគម្រោង កិច្ចសហប្រតិបត្តិការឆ្លងដែន រវាង​បឹងទន្លេសាប និងអាងបឹង​សុងក្លា ដែលរួមមាន​អាជ្ញាធរទន្លេសាប និង​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នៅអាងបឹងសុងក្លា ប្រទេសថៃ។

ទស្សនកិច្ចនេះធ្វើឡើងដើម្បី៖ ១. ពិនិត្យលើការប្រែប្រួល ក្រោយការអនុវត្តគម្រោង តាមរយៈគម្រោងសាកល្បង ២. ប្រមូលព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីរៀបចំបញ្ចប់នូវរបាយការណ៍រួម និងផែនការអនុវត្តន៍រួម និង ៣. ពង្រឹងទំនាក់ទំនងនៃប្រជាជនក្នុងអាងទន្លេទាំងពីរ។

ក្រុមការងារគម្រោងកម្ពុជា បានចុះទៅទស្សនកិច្ចនៅតំបន់គម្រោងសាកល្បងនៅ ថាលេណយ (យុវជន ថាលេណយ តស៊ូមតិដើម្បីបន្ស៊ាំនឹងអាកាសធាតុ) គម្រោងសាកល្បងនៅ ចុង ហ្វីន (តំបន់អភិរក្សត្រី ចុងហ្វីន បង្កើតផលស្តុកត្រី និងកែលម្អរបរចញ្ចឹមជីវិត) និងគម្រោងសាកល្បងនៅ តាហ៊ីន (ក្រុមស្ត្រីនៅតាហ៊ីន ប្រយុទ្ធតទល់នឹងគ្រោះមហន្តរាយធម្មជាតិ)។

នៅព្រឹកថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៨​ ក្រុមការងារនៃគម្រោងទាំងពីរ​ បានជួបប្រជុំបូកសរុបលទ្ធផលដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍​ នៅតំបន់ទាំងបីខាងលើ។ ជារួមដំណើរទស្សនកិច្ចនេះគឺទទួលបាននូវលទ្ធផលល្អប្រសើរ​ ដោយក្រុមការងារកម្ពុជាបានយល់កាន់តែច្បាស់អំពីការអនុវត្ត​ ជាពិសេសការរៀបចំសហគមន៍ដែលទទួលបានជោគជ័យ​ និងបានកសាងនូវចំណងមិត្តភាពកាន់តែប្រសើរឡើង​ រវាងប្រជាជននៃអាងទន្លេសាប​ និងអាងសុងក្លា​ ជាពិសេសរវាងអាជ្ញាធរទន្លេសាប​ និងអាជ្ញាធរអាងបឹងសុងក្លា៕

Hits: 1789