កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការដំណើរការពិគ្រោះយោបល់ជាមុន លើគម្រោងវារីអគ្គិសនីប៉ាក់ឡាយ (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨)
កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ (ចុងក្រោយ) ស្តីពី ការដំណើរការពិគ្រោះយោបល់ជាមុន លើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ ដោយមានការចូលរួមពីមន្ត្រីក្រុមការងារមកពីក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ខេត្ត អង្គការសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល។
គោលបំណងសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖ (១) លើកកម្ពស់ការយល់ដឹងបន្ថែមដល់អ្នកចូលរួមទាំងអស់ លើកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ នីតិវិធីទាំង៥ របស់ MRC និងជាពិសេស នីតិវិធី PNPCA ស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង ដែលបានអនុវត្តក្នុងគម្រោងទំនប់វារីអគ្គិសនី (២) ពិនិត្យ និងពិភាក្សាលើពង្រាងរបាយការណ៍បច្ចេកទេស របស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ លើសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ និង (៣) ប្រមូលមតិយោបល់ពីអ្នកចូលរួមកិច្ចប្រជុំ ដែលមកពីស្ថាប័នពាក់ព័ន្ធ សម្រាប់រៀបចំបំពេញទម្រង់ឆ្លើយតបទៅប្រទេសសំណើគម្រោងវារីអគ្គិសនី ប៉ាក់ឡាយ របស់ឡាវ។
សូមជម្រាបបញ្ជាក់ជូនថា គម្រោងទំនប់វារីអគ្គិសនី ប៉ាក់ឡាយ នេះ ជាគម្រោងទី៤ ដែលបានដាក់សម្រាប់ការពិគ្រោះយោបល់ក្នុងឆ្នាំ២០១៨នេះ។ គម្រោងទី១ គឺទំនប់វារីអគ្គិសនី សាយ៉ាបូរី បានដាក់ពិគ្រោះយោបល់ក្នុងឆ្នាំ២០១០ គម្រោងទី២ ទំនប់វារីអគ្គិសនី ដន សាហុង បានពិគ្រោះយោបល់ក្នុងឆ្នាំ២០១៤ និងគម្រោងទី៣ ទំនប់វារីអគ្គិសនី ប៉ាក់បេង បានដាក់ពិគ្រោះយោបល់ក្នុងឆ្នាំ២០១៧៕
Hits: 1730