កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សេចក្តីព្រាងរបាយការណ៍វាយតម្លៃលើ ផែនការយុទ្ធសាស្ត្ររបស់ MRC (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩)
លួងប្រាបាង្គ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា រួមមាន ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង លោក អ៊ូ សុផាណា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក តុង សេង មន្ត្រីមកពីក្រសួងធនធានទឹក និងឧតុនិយម ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី សេចក្តីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តពាក់កណ្តាលអាណត្តិ នៃផែនការយុទ្ធសាស្ត្រ របស់គណៈកម្មកាទន្លេមេគង្គ (២០១៦-២០២០) ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក មន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ មន្ត្រីលេខាធិការដ្ឋាន MRC និងក្រុមការងារ MTR។
គោលបំណងសំខាន់ៗនៃកិច្ចប្រជុំ គឺ (១) ពិនិត្យឡើងវិញលើការអនុវត្តការងារពាក់កណ្តាលអាណត្តិ ពីឆ្នាំ២០១៦-២០១៨ នៃផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ (២០១៦-២០២០) របស់ MRC ដោយផ្តោតលើលទ្ធផលដែលបានឯកភាព និងសកម្មភាពនានា ដែលបានកំណត់ (២) វាយតម្លៃពីវឌ្ឍនភាពនៃការអនុត្តសកម្មភាពនានាសម្រេចបានលទ្ធផលតាមផលសម្រេចទាំង៧ (៣) ផ្តល់អនុសាសន៍លើដំណោះស្រាយបញ្ហានានា ដែលមានក្នុងបច្ចុប្បន្ន រួមទាំងសកម្មភាពត្រួតពិនិត្យ តាមដានការងារវិមជ្ឈការ របស់MRC សម្រាប់រយៈពេលវែង និង (៤) ផ្តល់អនុសាសន៍លើការកែលម្អដល់ដំណើរការអនុវត្តសកម្មភាព និងលទ្ធផលគន្លឹះជាអាទិភាព ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ ២០១៩-២០២០ នៃផែនការយុទ្ធសាស្ត្រ ។
យោបល់ និងអនុសាសន៍របស់អង្គប្រជុំ សម្រាប់ក្រុមការងារវាយតម្លៃ MTR នឹងរៀបចំកែលម្អសេចក្តីព្រាងរបាយការណ៍ខាងលើ ហើយនៅ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បញ្ជូនទៅប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ ជួយផ្តល់យោបល់បន្ថែមទៀត។ ក្រុមវាយតម្លៃ MTR នឹងបញ្ចប់រៀបចំរបាយការណ៍ចុងក្រោយស្តីពី ការវាយតម្លៃពាក់កណ្តាលអាណត្តិលើការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩៕
Hits: 1907