Developed by Khmer Focus

កិច្ចប្រជុំលើកទី៥ របស់ក្រុមអ្នកជំនាញផ្នែក ទិន្នន័យ ម៉ូដែល និងការព្យាករណ៍ ស្ដីពី ការរៀបចំគ្រោងប្លង់ទស្សនទាន (ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមអ្នកជំនាញកម្ពុជា រួមមានមន្ត្រីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៥ របស់ក្រុមអ្នកជំនាញ​ផ្នែក ទិន្នន័យ ម៉ូដែល និងការព្យាករណ៍ ស្ដីពី ការរៀបចំគ្រោងប្លង់ទស្សនទាន សម្រាប់ធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធទិន្នន័យ ព័ត៌មាន ម៉ូដែល ការព្យាករណ៍ និងការប្រាស្រ័យទាក់ទង របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូល រួមពីក្រុមអ្នកជំនាញ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ដៃគូសិក្សាស្រាវជ្រាវ របស់គណៈកម្មការទន្លេមេគង្គ និងតំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ការងារជាមួយដៃគូគណៈកម្មការទន្លេមេគង្គ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទិន្នន័យ ព័ត៌មាន ម៉ូដែល ការព្យាករណ៍ ការប្រាស្រ័យទាក់ទង និងការធ្វើរបាយការណ៍។

លទ្ធផលនៃកិច្ចប្រជុំ៖

- អង្គប្រជុំបានពិនិត្យ និងឯកភាពជាគោលការណ៍លើគ្រោងប្លង់ទស្សនទាន សម្រាប់ធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធទិន្នន័យ ព័ត៌មាន ម៉ូដែល ការព្យាករណ៍ និងការប្រាស្រ័យទាក់ទង របស់គណៈកម្មការទន្លេមេគង្គ

- បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរបទពិសោធន៍ការងារ និងរៀនសូត្រ ពីវិធីសាស្ត្រថ្មីៗ ពីស្ថាប័នសិក្សាស្រាវជ្រាវ និងដៃគូគណៈកម្មការទន្លេមេគង្គ មកពីអូស្ត្រាលី ថៃ កូរ៉េ ចិន និងអាមេរិក សម្រាប់ការកែលំអប្រព័ន្ធខាងលើ៕

Hits: 38