Developed by Khmer Focus

កិច្ចប្រជុំរបស់គណៈកម្មាធិការរួម ដើម្បីពិនិត្យ ពិភាក្សា ដំណើរការពិគ្រោះយោបល់ជាមុន លើសំណើគម្រោងវារីអគ្គិសនីលួងប្រាបាង (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិការ​រួម​កម្ពុជា និង​ក្រុម​ការងារ PNPCA JCWG ដែលមាន​សមាជិក​អញ្ជើញមកពីក្រសួង​ធនធាន​ទឹក និងឧតុនិយម ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមអ្នកជំនាញការថ្នាក់ជាតិ បានចូលរួមកិច្ចប្រជុំពិសេស របស់គណៈកម្មាធិការរួម នៃ MRC តាមរយៈ Video Conference ដើម្បីពិនិត្យ ពិភាក្សា និងបូកសរុបដំណើរការពិគ្រោះយោបល់ជាមុនរយៈពេល៦ខែ លើសំណើគម្រោងវារីអគ្គិសនីលួងប្រាបាង របស់ឡាវ។

កិច្ចប្រជុំខាងលើនេះ បានដំណើរការក្រោមការដឹកនាំរបស់លោកបណ្ឌិត Somkiat Prajamvong អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គថៃ និងជាប្រធានគណៈកម្មាធិការរួម នៃ MRC សម្រាប់ឆ្នាំ២០២០ និងមានការសម្របសម្រួលពីលោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC និងមានការចូលរួមពីក្រុមការងារ PNPCA JCWG នៃប្រទេសជាសមាជិក MRC ទាំងបួន និងក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន MRC។

គោលបំណងនៃកិច្ចគឺ៖

១. ពិនិត្យឡើងវិញលើយោបល់ និងអនុសាសន៍សំខាន់ៗដែលជាលទ្ធផលទទួលបាន ពីបណ្តាកិច្ចប្រជុំពិគ្រោះយោបល់នៅថ្នាក់ជាតិ និងតំបន់

២. ពិនិត្យ ពិភាក្សា និងកត់ត្រានូវសេចក្តីព្រាងចុងក្រោយ នៃរបាយការណ៍ពិនិត្យបច្ចេកទេសឡើងវិញ លើឯកសារនៃសំណើគម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង

៣. ស្តាប់នូវខ្លឹមសារនៃទម្រង់ឆ្លើយតបផ្លូវការ លើសំណើគម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង របស់បណ្តាប្រទេសសមាជិក ដែលមានសក្តានុពលរងនូវផលប៉ះពាល់ពីសំណើគម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង និងសេចក្តីថ្លែងការណ៍របស់ប្រទេសជាសមាជិកដែលជាម្ចាស់គម្រោង

៤. ពិភាក្សា ចរចារ និងឯកភាពលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម របស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ ដែលមានចែងអំពីបណ្តាវិធានការសម្រាប់បញ្ជៀស កាត់បន្ថយឱ្យដល់កម្រិតអប្បរមា និងកែសម្រួលនូវសក្តានុពលនៃផលប៉ះពាល់អាក្រក់ឆ្លងដែន និង

៥. ពិភាក្សា ចរចារ និងឯកភាពលើសេចក្តីព្រាងផែនការសកម្មភាពរួម នៃសំណើគម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង ដែលនឹងត្រូវប្រើប្រាស់ជាយន្តការដែលដំណើរការជាប្រចាំ សម្រាប់ការទាក់ទង និងការសន្ទនា នាពេលអនាគត ក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលមានសក្តានុពលរងនូវផលប៉ះពាល់ គណៈកម្មការទន្លេមេគង្គ និងប្រទេសជាសមាជិកដែលជាម្ចាស់គម្រោង លើគ្រោងប្លង់ ការសាងសង់  និងប្រតិបត្តិការនៃគម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង របស់ឡាវ៕

Hits: 1677