កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងទិសដៅការងារក្នុងឆមាសទី២ ឆ្នាំ២០២០ (ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ ក្នុងឆមាសទី១ និងទិសដៅការងារក្នុងឆមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រោមឱវាទទាំងអស់។
កិច្ចប្រជុំបានប្រព្រឹត្តិទៅតាមរបៀបវារ:សំខាន់ៗ ដូចខាងក្រោម៖
១. ការបង្ហាញជូនអំពីការងាររបស់ គ.ជ.ទ.ម.ក ចូលរួមអនុវត្តន៍ SDGs កម្ពុជា ចែករំលែកការយល់ដឹង ដោយ ឯ.ឧ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ទ.ម.ក
២. សេចក្តីសង្ខេបស្តីពី វឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន ក្នុងឆមាសទី១ ឆ្នាំ២០២០ ដោយឯ.ឧ អគ្គលេខាធិការ គ.ជ.ទ.ម.ក
៣. របាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ និងទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី និងលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប
៤. ធ្វើបទបង្ហាញជូនអង្គប្រជុំផងដែរ នូវការងារសំខាន់ៗចំពោះមុខ ដោយឯ.ឧ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានផែនការ រួមមាន៖ អំពីវឌ្ឍនភាពការរៀបចំផែនការយុទ្ធសាស្ត្រ២០២១-២០២៥ របស់ គ.ជ.ទ.ម.ក អំពីបច្ចុប្បន្នភាពឯកសារយុទ្ធសាស្ត្រអាង ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ MRC ២០២១-២០២៥ អំពីស្ថានភាពជលសាស្ត្របច្ចុប្បន្នក្នុងអាងទន្លេមេគង្គ និងអំពីស្ថានភាពគម្រោងអភិវឌ្ឍន៍ក្នុងអាងទន្លេមេគង្គ ក្រោមនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង និងបច្ចុប្បន្នភាពនៃដំណើរការពិគ្រោះយោបល់ជាមុន និង
៥. អង្គប្រជុំបានជ្រាបពីសេចក្តីសង្ខេបទិសដៅការងារបន្តក្នុងឆមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ដែលជម្រាបជូនដោយឯ.ឧ អគ្គលេខាធិការ គ.ជ.ទ.ម.ក៕
Hits: 1548