Developed by Khmer Focus

កិច្ចប្រជុំការងារថ្នាក់ជាតិស្តីពី ការចែករំលែកព័ត៌មាន ការសិក្សារួមគ្នា និងបណ្តាញពិនិត្យតាមដានទន្លេមេគង្គ (ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំការងារថ្នាក់ជាតិស្តីពី ការចែករំលែកព័ត៌មាន ការសិក្សារួមគ្នា និង​បណ្តាញពិនិត្យតាមដានទន្លេមេគង្គ ដោយមាន​ការចូលរួមពីមន្ត្រីជំនាញ ជាតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹងជញ្ជួន អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងផែនការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តំណាងលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលបច្ចេកទេសក្នុងកិច្ចពិភាក្សារួម និងបកស្រាយលើបទបង្ហាញ ដោយតំណាងលេខាធិការ​ដ្ឋាន ​MRC តាមរយៈ Video Conference ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ជាលទ្ធផល កិច្ចប្រជុំបាន៖ (១) ពិនិត្យ និងផ្តល់យោបល់លើការកែលម្អប្រសិទ្ធភាពការងារ ផលប្រយោជន៍របស់ប្រទេសជាសមាជិកមេគង្គ និងការចូលរួមរបស់អ្នកពាក់ព័ន្ធ ក្នុងដំណើរការចែករំលែក និងផ្លាស់ប្តូរព័ត៌មាន សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង តាមរយៈការអនុវត្តនីតិវិធី និងគោលការណ៍ណែនាំរបស់ MRC (២) ផ្តល់យោបល់លើការកែសម្រួលអភិក្រម និងវិធីសាស្ត្រសម្រាប់ការសិក្សារួមគ្នាលើលំហូរទាប ភាពរាំងស្ងួត ដោយស្នើឱ្យគិតផងដែរអំពីផលប៉ះពាល់លើអេកូឡូស៊ីទន្លេ គុណភាពទឹក និងអន្តរវិស័យ ទាំងនៅរដូវប្រាំង និងរដូវវស្សា ជាពិសេសលើតំបន់វាលទំនាបលិចទឹកបឹងទន្លេសាប (៣) ពិភាក្សា និងឯកភាពជាគោលការណ៍លើសំណើតម្លើងស្ថានីយ៍ HYCOS ថ្មី សម្រាប់គាំទ្រការងារចែករំលែក និងផ្លាស់ប្តូរទិន្នន័យព័ត៌មាន របស់ប្រទេសជាសមាជិកមេគង្គ ការងារពិនិត្យតាមដាន និងការដោះស្រាយបញ្ហាឆ្លងដែន និង (៤) ផ្តល់អនុសាសន៍លើការកសាងសមត្ថភាព និងបណ្តុះបណ្តាលជំនាញប្រើប្រាស់ឧបករណ៍បច្ចេកទេស នៅតាមប្រទេសជាសមាជិក៕

Hits: 1538