Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ឧបករណ៍វាយតម្លៃនិរន្តរភាពវារីអគ្គិសនីដោយរហ័រ (RSAT) ក្នុងអាងទន្លេ (ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ក្រុមការងារកម្ពុជា ដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា និង​ជា​ប្រធាន​ក្រុមការងារគណៈកម្មាធិការរួម គណៈកម្មការទន្លេ​មេគង្គ ទទួលខុសត្រូវ​ការអនុវត្តនីតិវិធីស្តីពី ការ​ជូនដំណឹង ការពិគ្រោះយោបល់ជាមុន និង​ការព្រមព្រៀង របស់កម្ពុជា និងមាន​សមាជិកចូលរួមគឺ៖ លោក ជា ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល លោក ប៊ុល ដែលលី លេខាធិការ នៃលេខាធិការដ្ឋានឋបនីយជីវមណ្ឌលបឹងទន្លេសាប លោក តុង សេង ប្រធានការិយាល័យស្រាវជ្រាវ និងព្យាករណ៍ទឹកជំនន់ នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម លោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី លោក ទុន ច័ន្ទជីវ័ន មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក សុខ ប៊ុនហេង អ្នកជំនាញការជាតិ បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ តាមរយៈ VDO Conference ស្តីពី ឧបករណ៍វាយតម្លៃនិរន្តរភាពវារីអគ្គិសនីដោយរហ័រ (RSAT) ក្នុងអាងទន្លេ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Bountien Sanaxonh ប្រធានផ្នែកផែនការ នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) និងការចូលរួមដោយក្រុមការងារបច្ចេកទេសពាក់ព័ន្ធពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តីបច្ចេកទេសពាក់ព័ន្ធរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។

សិក្ខាសាលាមានគោលបំណង បន្តសកម្មភាពសិក្ខាសាលាពីថ្ងៃទី១គឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ដើម្បីពិនិត្យ ពិភាក្សា និងឯកភាព លើសេចក្តីព្រាងទស្សនទានសំណើគម្រោង RSAT ដែលបានរៀបចំដោយក្រុមការងារនៃប្រទេសជាសមាជិក ដោយផ្តោតជាសំខាន់ទៅលើ៖

១. តើទស្សនទាននៃគម្រោងឆ្លងដែនយ៉ាងដូចម្តេចដែលប្រទេសជាសមាជិកចង់បាន?

២. តើទស្សនទាននៃកម្រោងថ្នាក់ជាតិមួយណាដែលអាចត្រូវបានរៀបចំ និងគាំទ្រ? តើទស្សនទានគម្រោងទាំងនោះអាចត្រូវបានប្រើប្រាស់នៅក្នុងបរិបទឆ្លងដែនបានដែរឬទេ?

៣. តើដៃគូរឆ្លងដែនទាំងអស់គាំទ្រ និងមានឆន្ទៈក្នុងការចូលរួមនៅក្នុងកិច្ចសន្ទនាដែលបានលើកឡើងដែរឬទេ?

៤. តើអ្វីខ្លះដែលត្រូវបំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសន្ទនាដែលបានលើកឡើងនោះ?

លទ្ធផលនៃអង្គសិក្ខាសាលាគឺ៖

១. ប្រទេសជាសមាជិកចំនួនបីគឺ កម្ពុជា ថៃ និងវៀតណាម បានរៀបចំ និងបង្ហាញជូនអង្គសិក្ខាសាលានូវសេចក្តីព្រាងទស្សនទានគម្រោងរបស់ខ្លួន ដោយឡែកឡាវពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការពិភាក្សា និងប្រមូលទិន្នន័យបឋម ដើម្បីរៀបចំសេចក្តីព្រាងទស្សនទានគម្រោងរបស់ខ្លួននៅឡើយ

២. អង្គសិក្ខាសាលាបានពិនិត្យ និងពិភាក្សាយ៉ាងផុលផុសលើសេចក្តីព្រាងទស្សនទានគម្រោងដែលបានរៀបចំដោយប្រទេសជាសមាជិក ដោយផ្តោតលើបញ្ហាសំខាន់ដូចបានបញ្ជាក់ខាងលើ

៣. នៅមានបញ្ហាមួយចំនួន ដែលក្រុមការងារនៃប្រទេសជាសមាជិកនៅមានមន្ទិលនៅឡើយ មានជាអាទិ៍ (១) សេចក្តីព្រាងទស្សនទានគម្រោងនេះគឺ គ្រាន់តែជាការឯកភាពនៅក្នុងក្រុមការងារប៉ុណ្ណោះ មិនទាន់មានការពិនិត្យ និងឯកភាពពីក្រសួងទទួលខុសត្រូវនៅឡើយ (២) ប្រសិនបើមានការឯកភាពដោយអង្គសិក្ខាសាលា តើលទ្ធផលនៃគម្រោងនេះវាគ្រាន់តែជាលទ្ធផលសម្រាប់ការសិក្សា ដើម្បីបង្កើនចំណេះដឹង ឬវានឹងត្រូវប្រើប្រាស់ ឬយោងសម្រាប់ការពិភាក្សានៅក្នុងក្របខណ្ឌនៃការធ្វើសេចក្តីសម្រេចរបស់គណៈកម្មការទន្លេមេគង្គដែរឬទេ។

៤. អង្គសិក្ខាសាលាបានឯកភាពឱ្យក្រុមការងារធ្វើការពិនិត្យ ពិចារណា បន្តទៀត រួចទើបជូនដំណឹងមកលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គអំពីការសម្រេចចិត្តរបស់ខ្លួន៕

Hits: 1404