Developed by Khmer Focus

ប្រជុំពិភាក្សាបញ្ចប់ជាមួយក្រុមបេសកកម្មការងារគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក (ថ្ងៃទី ០៧-១១ ខែកញ្ញា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​ជា​ប្រធានគ្រប់គ្រងសមាសភាគទី២ នៃ​គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំ​ណាក់​កាលទី៣ បានដឹកនាំ​ក្រុមការងារ​គម្រោង ចូលរួមប្រជុំពិភាក្សាបញ្ចប់ជាមួយ ក្រុមបេសកកម្មការងារគាំទ្រការអនុវត្ត​គម្រោង​លើក​ទី៩ របស់​ធនាគារពិភពលោក ជាមួយក្រុមធនាគារពិភពលោក ដឹកនាំដោយលោក ចាន់ វីរៈ តាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងដើម្បីពិនិត្យតាមដាន និងវាយតម្លៃដំណើរការវិវត្ត និងរីកចម្រើន និងភាពប្រឈមការងារនានារបស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ មានរយៈពេល៥ឆ្នាំ (២០១៦-២០២១) ដែលបាននិងកំពុងអនុវត្តន៍ដោយសមាសភាគទី២ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងសមាសភាគទី១ នៃរដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំពិភាក្សាបញ្ចប់ តាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តឡើងដោយមានសមាសភាពមន្រ្តីចូលរួម ពីធនាគារពិភពលោក (ការិយាល័យនៅភ្នំពេញ នៅបាងកក នៅមីយ៉ានម៉ា និងនៅសាំងហ្គាពួរ) ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលជលផល ក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគីរី និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ក្នុងរយៈពេល ៥ថ្ងៃនេះ ក្រុមបេសកកម្មធនាគារពិភពលោក បានពិភាក្សាការងារ លើការត្រួតពិនិត្យតាមផ្នែកកិច្ចការ រួមមាន ផែនការការងារគម្រោង កិច្ចការលទ្ធកម្ម កិច្ចការហិរញ្ញវត្ថុ ព្រមទាំងការអនុវត្តរបស់ក្រុមហ៊ុនទីប្រឹក្សា ដែលជាប់កិច្ចសន្យា ជាមួយក្រុមការងារនៃសមាសភាគទាំង២។ សូមបញ្ជាក់ជូនថា ក្រុមបេសកកម្មធនាគារពិភពលោកនេះ ក៏បានជួបប្រជុំពិភាក្សា និងសុំការប្រឹក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីពាក់ព័ន្ធ អំពីជំហរគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធ ក្នុងបរិបទនៃការគ្រប់គ្រងធនធានទឹកចម្រុះ ជាមួយគំនិតគម្រោងវិនិយោគថ្មីនាពេលខាងមុខ និងបន្តកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនរវាងកម្ពុជា វៀតណាម និងឡាវនៅក្នុងតំបន់អនុវត្តន៍គម្រោង។ ក្នុងថ្ងៃបិទបញ្ចប់បេសកកមកម្ម បានបូកសរុបលទ្ធផលនៃបេសកម្ម ដោយបានវាយតម្លៃអំពីការវិវត្តរីកចម្រើនរបស់គម្រោង លទ្ធផលសម្រេចបានសំខាន់ៗ និងដោយទទួលស្គាល់បញ្ហាប្រឈម មានការយឺតយ៉ាវការងារមួយចំនួនដោយសារជម្ងឺឆ្លងកូវីដ១៩ និងបានទទួលអនុសាសន៍ ដើម្បីជម្រុញការងារអនុវត្តន៍គម្រោងកាន់តែមានប្រសិទ្ធភាព បង្កើនគុណភាពការងារតាមមធ្យោបាយទប់ទល់នឹងភាពប្រឈមធំនៃជម្ងឺកូវីដ១៩ ក្នុងការបង្កើនភាពជោគជ័យរបស់គម្រោង៕

Hits: 1486