ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២០)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបតិ្តការអន្ដរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអង្គការមួយចំនួន។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ មានគោលដៅចំនួន ១៨ ចំណុចដៅចំនួន៨៨ និងសូចនាករចំនួន១៤៨ ដែលទទួលការឯកភាពពីគណៈរដ្ឋមន្រ្តី កាលពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ កម្ពុជាបានរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ ដែលតម្រូវឱ្យក្រសួង-ស្ថាប័ន ផ្តល់របាយការណ៍វឌ្ឍនភាព ហើយបានបញ្ចូនទៅអង្គការសហប្រជាជាតិ នៅខែកក្កដា ឆ្នាំ២០១៩ ដែលទទួលបានលទ្ធផលល្អប្រសើរ។
ពាក់ព័ន្ធការផ្តល់របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នេះ ក៏មានកិច្ចប្រជុំកម្រិតបច្ចេកទេស នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ និងកិច្ចប្រជុំកម្រិតនយោបាយ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពិនិត្យ និងផ្តល់ការឯកភាព។
របាយការណ៍វឌ្ឍនភាពនេះ មានចំនួន ៦ជំពូក ក្នុងនោះវឌ្ឍនភាពតាមសូចនាករ និងចំណុចដៅ ក្នុងគោលដៅនីមួយៗ មានដូចខាងក្រោម៖
- ៣១,៨២% សម្រេចលើសចំណុចដៅ
- ៣១,៨២% ស្ថិតលើគន្លងទៅសម្រេចបានចំណុចដៅ
- ១៥,៩១% សម្រេចបានទាបជាងចំណុចដៅ
- ២០,៤៥% នៃសូចនាករ គ្មានទិន្នន័យ។
គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានស្នើឱ្យដាក់បញ្ចូលចំណុចដៅ ៦.៥ ផងដែរ ក្នុងនោះមានសូចនាករ៖
- ៦.៥.១ ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកចម្រុះ ដែលទទួលបន្ទុកដោយ ក្រសួងធនធាទឹក និងឧតុនិយម
- ៦.៥.២ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងទឹកឆ្លងដែន ក្នុងតំបន់ ជាមួយប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម ការងារនេះទទួលបន្ទុកដោយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ ក្រសួងផែនការបានទទួលការយល់ព្រម និងរៀបចំដាក់បញ្ចូល ចាប់ពីឆ្នាំ២០២០ តទៅ៕
Hits: 1586