Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការជម្រុញកិច្ចសហប្រតិបត្តិការលើដំណើរការគ្រប់គ្រង និងសម្របសម្រួលទំនប់វារីអគ្គិសនីបណ្តាក់គ្នា (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មានតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការជម្រុញកិច្ចសហប្រតិបត្តិការលើដំណើរការគ្រប់គ្រង និងសម្របសម្រួលទំនប់វារីអគ្គិសនីបណ្តាក់គ្នា ក្នុងអាងទន្លេមេគង្គ តាមរយៈ VDO Conference ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ទាំងបួនគឺ កម្ពុជា ឡាវ ថៃ និងវៀតណាម មន្ត្រីនៃ MRCS និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ។

គោលបំណងនៃកិច្ចប្រជុំ៖

- គូសបញ្ជាក់អំពីបរិបទអាងទន្លេ និងកិច្ចខិតខំប្រឹងប្រែងរបស់ MRCS ដែលបាន និងកំពុងធ្វើ លើការសម្របសម្រួលប្រតិបត្តិការ នៃបណ្តាហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងអាងទន្លេមេគង្គ

- បង្ហាញជូនអង្គប្រជុំនូវសេចក្តីព្រាងផែនការប្រតិបត្តិ នៃលទ្ធផល ៤.២.១ នៃផែនការយុទ្ធសាស្រ្ត និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ ដែលចែងថា៖ ប្រតិបត្តិការនៃបណ្តាហេដ្ឋារចនាសម្ព័ន្ធទឹកដែលមានការសម្របសម្រួល សម្រាប់ពហុប្រយោជន៍ រួមទាំងយេនឌ័រ និងការគ្រប់គ្រង និងកាត់បន្ថយភាពងាយរងគ្រោះ

- បកស្រាយពន្យល់អំពីសេចក្តីព្រាងផែនការប្រតិបត្តិ (សមិទ្ធផល លទ្ធផល និងសកម្មភាព) សម្រាប់គណៈកម្មការទន្លេមេគង្គ ដើម្បីជម្រុញការចែករំលែកព័ត៌មាន និងការសម្របសម្រួលទំនប់វារីអគ្គិសនីបណ្តាក់គ្នា ក្នុងអាងទន្លេមេគង្គ ក្នុងការបន្ស៊ីគ្នាជាមួយនឹងការផ្តួចផ្តើមពាក់ព័ន្ធនានា ដែលបាន និងកំពុងរុករកនៅក្នុងតំបន់ និង

- ពិភាក្សាលើសកម្មភាពអនុវត្តន៍លទ្ធផល ៤.២.១ នៃផែនការយុទ្ធសាស្រ្តរបស់ MRC រួមទាំងសកម្មភាពដែលត្រូវអនុវត្តន៍ជាបន្ទាន់ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។

លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំគឺ៖

- ការយល់ដឹងច្បាស់លាស់មួយស្តីពី សេចក្តីត្រូវការជាបន្ទាន់លើការជម្រុញការចែករំលែកព័ត៌មានថ្នាក់តំបន់ សម្រាប់បណ្តាប្រទេសស្ថិតនៅខ្សែទឹកភាគខាងលើ និងខ្សែទឹកភាគខាងក្រោម

- ការពេញចិត្ត និងទទួលបាន លើសេចក្តីត្រូវការនូវអភិក្រមដែលមានភាពទាក់ទងគ្នាមួយ សម្រាប់ការចែករំលែកព័ត៌មានស្តីពី ការសម្របសម្រួលប្រតិបត្តិការទំនប់វារីអគ្គិសនីបណ្តាក់គ្នា រួមទាំងការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត សុវត្ថិភាពទំនប់ និងសហគមន៍ ការសម្របសម្រួលនាវាចរណ៍ ការបង្ហូរកំណកកករល្បាប់។ល។ និង

- ឯកភាពលើបណ្តាសកម្មភាព ដើម្បីបន្តកិច្ចការទាក់ទងនឹងប្រតិបត្តិការ នៃបណ្តាហេដ្ឋារចនាសម្ព័ន្ធដែលមានការសម្របសម្រួល ដើម្បីធ្វើវឌ្ឍនភាពលទ្ធផល ៤.២.១ នៃផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០២៥ របស់ MRC៕

Hits: 1401