កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី៣ និងទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី៣ និងទិសដៅការងារសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីក្រោមឱវាទ។ គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីជម្រាប និងពិភាក្សាអំពីវឌ្ឍនភាពការងារដែលបានអនុវត្តន៍ និងសម្រេចបាន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ ក្នុងត្រីមាសទី៣ (ខែកក្កដា-កញ្ញា) និងទិសដៅការងារបន្តក្នុងត្រីមាសទី៤ ឆ្នាំ២០២០ របស់បណ្តាអង្គភាពចំណុះ។
បន្ទាប់ពីបានពិភាក្សារួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការណែនាំឱ្យអង្គភាពជំនាញទាំងអស់ បំពេញភារកិច្ចទៅតាមផែនការការងារដែលបានកំណត់ ក្នុងនោះត្រូវបន្តយកចិត្តទុកដាក់ (១) ការងារគ្រប់គ្រង ប្រើប្រាស់ចែករំលែកទិន្នន័យព័ត៌មានធនធានទឹក និងធនធានពាក់ព័ន្ធក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ (២) ការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធទាំងថ្នាក់ជាតិ តំបន់ និងអង្គការអន្តរជាតិ តាមរយៈពិនិត្យតាមដាន និងធ្វើបច្ចុប្បន្នភាពយន្តការទាំងនោះ (៣) ការរៀបចំប្រមូលចងក្រងបច្ចុប្បន្នភាពគម្រោងជា Projects Database ដើម្បីទុកជាមូលដ្ឋានប្រើប្រាស់ (៤) ការពង្រឹងពង្រីកការបណ្តុះបណ្តាលដល់មន្ត្រីវ័យក្មេង ដែលជាធនធានអនាគតរបស់ស្ថានប័ន ឱ្យចេះប្រើប្រាស់ឧបករណ៍បច្ចេកទេស ទិន្នន័យ ព័ត៌មាន ម៉ូដែល ធនធានទឹកដែលមានស្រាប់ និង (៥) ការពង្រឹងកិច្ចសហការ ការងារជាក្រុម កិច្ចសន្ទនាការងារ រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ប្រសិទ្ធការងារសម្រាប់អង្គភាព និងស្ថាប័ន ឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕
Hits: 1383