កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី ក្នុងវិស័យកសិកម្ម (ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី ការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី ក្នុងវិស័យកសិកម្ម ប្រកបដោយចីរភាព តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងប្រទេសដែលជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តី MRC និងជំនាញការអន្តរជាតិ។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បី (១) បង្ហាញពីលទ្ធផលនៃគម្រោង ការប្រើប្រាស់ទឹកក្រោមដីក្នុងដំណាក់កាលទី១ (២) ពិភាក្សាលើវិសាលភាពនៃសេចក្តីព្រាងរបាយការណ៍បឋម សម្រាប់គម្រោងដំណាក់កាលទី២ និង (៣) ពិភាក្សាលើនីតិវិធី និងការជ្រើសរើសតំបន់សិក្សាសាកល្បង តាមប្រទេសនីមួយៗ។
កិច្ចប្រជុំបានជ្រាបពីរបាយការណ៍លទ្ធផលនៃការសិក្សាដំណាក់កាលទី១ ដោយផ្តោតទៅលើការប្រមូលទិន្នន័យដែលមានស្រាប់ ដោយកម្ពុជាផ្តោតទៅលើខេត្ត ២គឺ ព្រៃវែង និងស្វាយរៀង។
សម្រាប់ដំណាក់កាលទី២នេះ ប្រទេសសមាជិកទាំង៤ បានជ្រើសរើសតំបន់សិក្សាសាកល្បងរៀងៗខ្លួន ដោយឡែកកម្ពុជា ស្នើយកខេត្តព្រៃវែង សម្រាប់ធ្វើការសិក្សាសាកល្បង ដែលមានរយៈពេល៤ខែ។
កិច្ចប្រជុំ ស្នើឱ្យប្រទេសសមាជិក រៀបចំបង្កើតក្រុមការងារ សម្រាប់ការសិក្សាសាកល្បងនេះ៕
Hits: 1435