កិច្ចប្រជុំថ្នាក់តំបន់ នៃក្រុមជំនាញការផែនការអាងទន្លេ ដើម្បីរៀបចំផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០២១-២០២៥ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់ជាតិ ផ្នែកផែនការអភិវឌ្ឍន៍អាងទន្លេ រួមមានសមាសភាពមន្ត្រីពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ នៃក្រុមជំនាញការផែនការអាងទន្លេ ដើម្បីរៀបចំផែនការចង្អុលថ្នាក់ជាតិ (NIP) ឆ្នាំ២០២១-២០២៥ របស់ប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះ ដឹកនាំដោយតំណាងក្រុមការងារប្រទេសថៃ ដែលមានប្រទេសជាសមាជិកទាំង៤ និងមន្រ្តីពីលេខាធិការដ្ឋាន MRC។
ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងនៃឯកសារគោលគំនិត (Concept Note) ស្តីពី ការរៀបចំធ្វើបច្ចុប្បន្នភាព NIP ឆ្នាំ២០២១-២០២៥ គាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ ឆ្នាំ២០២១-២០៣០ ព្រមទាំងបានផ្លាស់ប្តូរ មតិយោបល់ជុំវិញមេរៀន និងបទពិសោធន៍ការរៀបចំ និងអនុវត្ត NIP ២០១៦-២០២០ បានឯកភាពផែនទីបង្ហាញផ្លូវ សម្រាប់ដំណើរការរៀបចំ និងសម្រេច NIP ២០២១-២០២៥៕
Hits: 1709