Developed by Khmer Focus

កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២ និងកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន លើកទី១២ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ និងឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមក្នុងសមាសភាពអម នៃគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី២ និងកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន លើកទី១២ បានរៀបចំធ្វើតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូលទាំងពីរខាងលើ គឺមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម សាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន។

កិច្ចប្រជុំ បានពិនិត្យ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព និងលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដែលសម្រេចបាន និងការរួមគ្នាគិតគូរដោះស្រាយបញ្ហាប្រឈមរួមក្នុងក្របខណ្ឌតំបន់ រួមទាំងការខិតខំស្តារឡើងវិញផ្នែកសេដ្ឋកិច្ច សង្គម ដែលបានប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ថ្នាក់ដឹកនាំនៃប្រទេសពាក់ព័ន្ធទាំងអស់ បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរថែមទៀត ដើម្បីសម្រេចបាននូវសន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ សម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត៕

Hits: 25