Developed by Khmer Focus

កិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ដើម្បីពិនិត្យបន្ថែមលើឯកសារគ្រោងប្លង់ទស្សនទាន សម្រាប់ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹក (ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០)

Category: CNMC

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំបច្ចេកទេសថ្នាក់ជាតិ ដើម្បីពិនិត្យ​បន្ថែមលើភាពពិស្តារ លើឯកសារគ្រោងប្លង់ទស្សនទាន សម្រាប់ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹកក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយមានការចូលរួមពីមន្ត្រីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ វិទ្យាស្ថានសិក្សាស្រាវជ្រាវ មន្ទីរជំនាញខេត្ត និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំបានប្រព្រឹត្តទៅ ដោយមានបទបង្ហាញពីក្រុមជំនាញការពីលេខាធិការដ្ឋាន MRC តាមប្រព័ន្ធវិឌីអូ។

ជាលទ្ធផលកិច្ចប្រជុំ៖ (១) បានពិនិត្យលើគ្រោងប្លង់ទស្សនទានពិស្តារ បន្ទាប់ពីបានកែសម្រួលម្តងរួចមកហើយ ដោយផ្អែកលើមតិយោបល់ និងអនុសាសន៍របស់ប្រទេសជាសមាជិក កាលពីខែកញ្ញា ឆ្នាំ២០២០ (២) បានបញ្ជាក់នូវតម្រូវការរបស់ប្រទេស និងការចូលរួមរបស់ក្រុមការងារជំនាញរបស់ប្រទេស ក្នុងការកសាងសមត្ថភាពសមស្រប និងប្រើប្រាស់ឧបករណ៍បច្ចេកទេស ដោយប្រើប្រាស់ទិន្នន័យពីស្ថានីយជលសាស្ត្រ-ឧតុនិយម (ទិន្នន័យលើដី) ដែលមានស្រាប់របស់ប្រទេសជាសមាជិក និងបានស្នើឱ្យក្រុមការងារលេខាធិការដ្ឋាន MRC បញ្ចួលបន្ថែមនូវអនុសាសន៍របស់កម្ពុជា និង (៣) បានស្នើឱ្យក្រុមការងារ លេខាធិការដ្ឋាន រៀបចំផែនទីវិថីច្បាស់លាស់ ជាផ្នែកនៃវិធានឆ្លើយតបទៅនឹងចំណុច អនុសាសន៍ ទាំងឡាយរបស់ប្រទេស ស្របតាមគោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការអនុវត្តនីតិវិធីស្តីពី ការពិនិត្យតាមដានការប្រើប្រាស់ទឹក ក្នុងអាងទន្លេមេគង្គភាគខាងក្រោម៕

Hits: 1502