សិក្ខាសាលាថ្នាក់ជាតិស្តីពី ការត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តផែនការចង្អុលថ្នាក់ជាតិ ២០១៦-២០២០ (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦)
ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការត្រួតពិនិត្យតាមដាន និងវាយតម្លៃការអនុវត្តផែនការចង្អុលថ្នាក់ជាតិ ២០១៦-២០២០ នៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីតំណាងក្រសួង-ស្ថាប័នជាសមាជិក មន្រ្តីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីជំនាញនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៤០រូប។
សិក្ខាសាលានេះមានគោលបំណងសំខាន់ដើម្បី៖
- បង្ហាញជូន និងស្វែងយល់រួមគ្នាអំពីប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ
- បង្ហាញជូន និងស្វែងយល់រួមគ្នាអំពីប្រព័ន្ធត្រួតពិនិត្យតាមដានភាពជឿនលឿននៃការអនុវត្តយុទ្ធសាស្រ្តរបស់ MRC និងផែនការចង្អុលថ្នាក់ជាតិ
- ពិភាក្សា និងស្វែងយល់ពីប្រព័ន្ធ M&E ថ្នាក់ជាតិ សម្រាប់ផែនការចង្អុលថ្នាក់ជាតិ ការរៀបចំយន្តការ ដំណើរការ ក្រុមការងារ ឧបករណ៍ និងធនធានតម្រូវការសម្រាប់អនុវត្តន៍ប្រព័ន្ធ M&E
- បង្ហាញអំពីការចូលរួមចំណែកនៃសកម្មភាពរបស់ផែនការចង្អុលថ្នាក់ជាតិដល់សូចនាករនៃលទ្ធផលរួមរបស់ MRC និង
- ពិភាក្សាកិច្ចការប្រាំឆ្នាំនៃការងារផែនការចង្អុលថ្នាក់ជាតិ។
ឯកឧត្តម តែ ណាវុធ ប្រធានអង្គសិក្ខាសាលា បានបញ្ជាក់ថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានកាតព្វកិច្ចចូលរួមអនុវត្តន៍ និងសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ កាន់តែមានប្រសិទ្ធភាព និងបានផលប្រយោជន៍សម្រាប់ប្រទេសជាតិ ដោយធ្វើការជិតស្និទ្ធជាមួយក្រសួងស្ថាប័នសមាជិក និងគណៈកម្មការទន្លេមេគង្គ អនុវត្តន៍ផែនការយុទ្ធសាស្រ្ត MRC ២០១៦-២០២០ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០១៦-២០២០ និងជាពិសេសអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់ខ្លួន ២០១៦-២០២០ និងអនុវត្តន៍ផែនការចង្អុលថ្នាក់ជាតិ ២០១៦-២០២០ មានប្រសិទ្ធភាព និងទទួលបានផលសម្រេច។ ឯកសារផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០១៦-២០២០ របស់កម្ពុជាត្រូវបានរៀបចំឡើងសម្រាប់អនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ គឺជាបណ្តុំនៃបណ្តាគម្រោងជាតិ-គម្រោងឆ្លងដែន ដែលមានផលប្រយោជន៍សំខាន់ក្នុងតំបន់ និងបណ្តាសកម្មភាពជាតិ និងសកម្មភាពសំខាន់ៗសម្រាប់បំពេញមុខងារស្នូលនៃការគ្រប់គ្រងអាងទន្លេមេគង្គរបស់ប្រទេសជាសមាជិក។ ផែនការចង្អុលថ្នាក់ជាតិ ជាសមិទ្ធផលមួយសំខាន់សម្រាប់ប្រទេស ដែលឯកសារផែនការនេះ ផ្សារភ្ជាប់នឹងទស្សនៈជាយុទ្ធសាស្រ្តនៃការអភិវឌ្ឍអាងទន្លេ ទៅនឹងការធ្វើសេចក្តីសម្រេចកសាងផែនការ និងដំណើរការអភិបាលកិច្ចនៅកម្រិតជាតិ ដោយការធ្វើសមាហរណកម្មផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងផែនការតាមវិស័យ ៥ឆ្នាំ និងកសាងផែនការការងារប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ពាក់ព័ន្ធនឹងប្រធានបទនៃអង្គសិក្ខាសាលា ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ គឺជាក្របខ័ណ្ឌ ឬអភិក្រម ដែលត្រូវបានប្រើប្រាស់ មិនសម្រាប់តែដើម្បីបំពេញតម្រូវការនៃដៃគូអភិវឌ្ឍន៍ ឬប្រទេសផ្តល់ជំនួយ សម្រាប់ធានាប្រសិទ្ធភាពថវិកាតែប៉ុណ្ណោះទេ តែសម្រាប់ធានាថា បណ្តាគម្រោង កម្មវិធី ឬគោលនយោបាយ យុទ្ធសាស្រ្ត ត្រូវបានអនុវត្តន៍ដោយមានប្រសិទ្ធភាព និងធនាភាពជោគជ័យ ដែលបង្ហាញពីដំណើរការទៅមុខ អាចវាស់វែងបាន និងសម្រេចផលតាមគោលបំណង និងគោលដៅរំពឹងទុក។ ប្រព័ន្ធនេះ គឺឧបករណ៍សម្រាប់ត្រួតពិនិត្យតាមដាន និងវាយតម្លៃ ជាតម្រូវការចាំបាច់ សម្រាប់មន្រ្តី ឬយន្តការទទួលបន្ទុកដែលត្រូវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រើប្រាស់ជាក់ស្តែង។ ការជួយពង្រឹងសមត្ថភាពមន្រ្តី ដើម្បីយល់កាន់តែច្បាស់ និងអនុវត្តន៍ក្របខ័ណ្ឌវាយតម្លៃនេះ ពិតជាការចាំបាច់ណាស់សម្រាប់ដំណើរការការងារគ្រប់គ្រងរបស់ក្រសួង-ស្ថាប័ន៕
Hits: 2742