កិច្ចប្រជុំរួមរវាងក្រុមការងារកម្ពុជា-ថៃ ស្តីពី គម្រោងសហប្រតិបត្តិការលើការគ្រប់គ្រងបឹងទន្លេសាប នៃប្រទេសកម្ពុជា និងអាងបឹងសុងក្លា នៃប្រទេសថៃ (ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦)
បាងកក៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងជាមន្រ្តីបង្គោលថ្នាក់ជាតិ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម ហ៊ែល តូនី អគ្គលេខាធិការ និងជាប្រធានក្រុមការងារអនុវត្តន៍គម្រោង នៃអាជ្ញាធរទន្លេសាប និងមន្រ្តីថ្នាក់នាយកដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប និងជំនាញការជាតិ សរុបចំនួន ០៧រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមរវាង ក្រុមការងារកម្ពុជា-ថៃ ស្តីពី គម្រោងសហប្រតិបត្តិការលើការគ្រប់គ្រងបឹងទន្លេសាបនៃប្រទេសកម្ពុជា និងអាងបឹងសុងក្លានៃប្រទេសថៃ នៅក្រុងបាងកក ប្រទេសថៃ។ សិក្ខាកាមដែលជាមន្រ្តីសមាជិកក្រុមការងារ កម្ពុជា -ថៃ និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គសរុប ១៩រូប បានចូលរួម។
កិច្ចប្រជុំប្រព្រឹត្តទៅដោយបាន៖
- ពិនិត្យលើបណ្តាសកម្មភាពដែលប្រទេសបានអនុវត្តន៍កន្លងមក និងពិនិត្យសកម្មភាពសម្រាប់ចុងឆ្នាំ ២០០១៦
- ពិនិត្យ និងពិភាក្សាលើផែនការអនុវត្តន៍គម្រោង ឆ្នាំ២០១៦-២០១៧ ដោយពិចារណាច្បាស់លាស់អំពីសកម្មភាពដែលត្រូវអនុវត្តន៍ ដែលត្រូវកំណត់ចូលក្នុងចំណាត់ថ្នាក់សកម្មភាបតាមប្រទេសដោយឡែក សកម្មភាពរួមគ្នានៃប្រទេសទាំងពីរ និងសកម្មភាពក្រុមលេខាធិការដ្ឋាន MRC
- ពិនិត្យលើសំណើឯកសារគោលគំនិតសម្រាប់ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញ សម្រាប់មន្រ្តីបង្គោលទទួលបន្ទុកទំនាក់ទំនង ការចុះផ្សាយព័ត៌មាន ការថតរូប និងវីដេអូ និងការសរសេរអត្ថបទចុះផ្សាយព័ត៌មាន
- ពិភាក្សា និងចែករំលែកបទពិសោទ ចំណេះដឹង និងលទ្ធផលនៃការអនុវត្តគម្រោងរវាងប្រទេសទាំងពីរ។
កិច្ចប្រជុំសម្រេចបានលទ្ធផល នៃអង្គប្រជុំ រួមមាន៖
- បានឯកភាពជម្រុញល្បឿនអនុវត្តន៍សកម្មភាពតាមផែនការរបស់ខ្លួន បានកាន់តែលឿន ហើយបានស្នើសុំក្រុមការងារលេខាធិការដ្ឋាន MRC ជួយពន្លឿនការពិនិត្យ និងឯកភាពលើសំណើពីប្រទេសបានឆាប់រហ័ស ក្នុងនោះសំណើជ្រើសរើសជំនាញការ សំណើថវិកាទិញសម្ភារៈ ការចំណាយអនុវត្តន៍សកម្មភាព និងការបង់ថ្លៃសេវាជំនាញការជាដើម
- បានឯកភាពសំណើកែសម្រួលផែនការអនុវត្តន៍គម្រោង ការដាក់បញ្ចូលបណ្តាសកម្មភាពជាចង្កោមដែលទទួលខុសត្រូវដោយប្រទេស ចូលរួមទទទួលខុសត្រូវអនុវត្តន៍រួមគ្នា និងចូលរួមអនុវត្តន៍ដោយក្រុមការងារថ្នាក់តំបន់
- បានឯកភាពជម្រុញ និងពន្លឿនការអនុវត្តក្នុងប្រទេស សកម្មភាពរួម ដែលគោដៅបញ្ចប់គម្រោងក្នុងដំណាច់ឆ្នាំ ២០១៧
- បានឯកភាពសំណើរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជំនាញព័ត៌មាន ដែលនឹងកំណត់មន្រ្តី ៣រូប ទទួលបន្ទុកការប្រាស្រ័យទាក់ទង និងព័ត៌មាននៃគម្រោង រួចបញ្ជូនទៅលេខាធិការដ្ឋាន MRC
- បានឯកភាព ការងារជំនាញការសម្រាប់ដំណើរការអនុវត្តន៍សកម្មភាពគំរូ សម្រាប់ទីតាំងជ្រើសរើសនៃសហគមន៍ កិច្ចការគ្រប់គ្រងបឹង ទាក់ទងវិស័យ៣ជាគន្លឹះ(១) ជលផល (២) ការលើកកំពស់អំណាចស្រ្តី និង (៣) ការប្រែប្រួលអាកាសធាតុ ក្នុងប្រទេសនីមួយៗ ដែលនឹងចងក្រងបានជារបាយការណ៍ល្អមួយ ដើម្បីចែករំលែករវាងប្រទេសទាំងពីរ និងក្នុងកម្រិតជាតិ និងតំបន់
- បានឯកភាពថា ប្រទេសនីមួយៗ និងបញ្ជូនរាយនាមផលិតផលនៃគម្រោង ដែលរំពឹងសម្រេចបាន ដោយបញ្ជូនទៅលេខាធិការដ្ឋានមុនថ្ងៃ ២៥ ខែកក្កដា ឆ្នាំ២០១៦៕
Hits: 2746