Developed by Khmer Focus

ឯកឧត្តម វ៉ាត់ បុត្តកុសល ទទួលជួបមន្រ្តីនៃនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិក (ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨)

Category: CNMC

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក ឈាង ហុង ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ទទួល​ជួប​ជាមួយ​មន្រ្តី​នៃនាយកដ្ឋានកសិកម្ម សហរដ្ឋអាមេរិក (USDA) ក្នុង​គោល​បំណង​ស្វែង​យល់​អំពី​វិស័យ​អាទិភាព និង​បញ្ហា​ប្រឈម​សំខាន់ៗ​នៅ​កម្ពុជា ក្នុង​នោះ​វិស័យ​កសិកម្ម និង​វិស័យ​គ្រប់គ្រង​ធនធាន​ទឹក ក្នុង​បរិបទ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​អាងទន្លេមេគង្គ។ ជាការឆ្លើយតប ឯកឧត្តមបានជម្រាបជូនអំពីបេសកកម្ម និងតួនាទីស្នូលរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងការងារទឹក និងធនធានពាក់ព័ន្ធទឹក ក្នុងបរិបទទន្លេមេគង្គ ដោយសហការជាមួយក្រសួងសមាជិក និងអនុវត្តន៍ការងារកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិក ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ ជម្រាបអំពីសមិទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ ការអនុវត្តកម្មវិធីកសិកម្ម និងធារាសាស្រ្ត និងភាពប្រឈមនានាក្នុងការអភិវឌ្ឍវិស័យនេះ ភ្ជាប់នឹងសន្តិសុខស្បៀង។ កិច្ចប្រជុំក៏បានពិភាក្សាលំអិតអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងនាយកដ្ឋានកសិកម្ម សហរដ្ឋអាមេរិកនាពេលអនាគត ក្នុងការជួយពង្រឹងសមត្ថភាពជំនាញ ចំណេះដឹង ការគ្រប់គ្រង និងការកសាងផែនការ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកទេស ក្នុងផ្នែកកសិកម្ម ធនធានទឹក និងបរិស្ថាន ដែលនឹងជួយគាំទ្រការអភិវឌ្ឍដោយចីរភាព ពង្រឹង និងពង្រីកផលិតផលកសិកម្ម និងជីវភាពរបស់ប្រជាកសិករជាដើម។ ការពិភាក្សាក៏ផ្តោតលើកិច្ចសហប្រតិបត្តិការឆ្លងដែន ដែលប្រទេសជាសមាជិកមានទន្លេហូរឆ្លងកាត់រួមគ្នា ដែលតម្រូវឱ្យមានកិច្ចសហការជិតស្និទ្ធ ជាពិសេសការអភិវឌ្ឍដែលឆ្លើយតបការចែករំលែកផលប្រយោជន៍គ្នា និងដំណោះស្រាយនៃផលប៉ះពាល់អវិជ្ជមានពីការអភិវឌ្ឍជាដើម៕

Hits: 2102