Developed by Khmer Focus

កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ស្តី​ពី គម្រោង​ទំនប់​វារីអគ្គិសនី ដន សាហុង របស់​ឡាវ (ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥)

ភ្នំពេញ៖ នៅសាលប្រជុំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម គណៈកម្មា​ធិការ​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ ពិគ្រោះ​យោបល់​ស្តី​ពី គម្រោង​ទំនប់​វារី​អគ្គិសនី ដន សាហុង របស់​ឡាវ ក្រោម​អធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។ កិច្ច​ប្រជុំ​មាន​សមាជិក​ចូល​រួម​មាន​ចំនួន ៥១រូប អញ្ជើញ​មក​ពី​ក្រសួង ស្ថាប័ន​រាជ​រដ្ឋាភិបាល​ចំនួន ២០ ដែល​ជា​សមាជិក គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ក្រសួង ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំគឺ ស្តាប់របាយការណ៍លទ្ធផល នៃដំណើរការពិគ្រោះយោបល់ជាមុន លើគម្រោងទំនប់វារីអគ្គិសនី ដន សាហុង របស់ឡាវ និងពិនិត្យផ្តល់អនុសាសន៍ និងឯកភាពលើសេចក្តីព្រាងទម្រង់ឆ្លើយតបជាផ្លូវការ ទៅភាគីឡាវ ដែលរៀបចំឡើងដោយក្រុមការងារអន្តរក្រសួងសម្រាប់គម្រោងនេះ ក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ឯកឧត្តម លឹម គានហោ បានមានប្រសាសន៍ថា បញ្ហាគម្រោងទំនប់វារីអគ្គិសនី ដន សាហុង នេះជាបញ្ហាមួយស្មុគស្មាញ និងក្តៅ ព្រោះវាមានទីតាំងត្រឹមតែប្រមាណ ២គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសកម្ពុជា ដែលតម្រូវឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ជាពិសេស គឺការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន។

ជាលទ្ធផល អង្គប្រជុំបានឯកភាពទាំងស្រុងលើសេចក្តីព្រាងទម្រង់ឆ្លើយតបជាផ្លូវការ ដោយផ្តល់អនុសាសន៍ធ្វើយ៉ាងណាឱ្យមានមូលដ្ឋានច្បាស់លាស់ ខ្លី តែមានន័យគ្រប់គ្រាន់ និងចាំបាច់ហើយជាក់ស្តែង៕

Hits: 971