Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ក្រោម​ជាតិ​លើក​ទី២ សម្រាប់​តំបន់​បឹង​ទន្លេ​សាប​កម្ពុជា ស្តី​ពី សំណើ​គម្រោង​ទំនប់​វារីអគ្គិសនី ដន សាហុង (ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤)

(CNMC-PNPCA)

បាត់ដំបង៖ គណៈកម្មា​ធិការជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា បាន​រៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ក្រោម​ជាតិ លើក​ទី២ សម្រាប់​តំបន់​បឹង​ទន្លេ​សាប​កម្ពុជា ស្តី​ពី​សំណើ​គម្រោង​​ទំនប់​​វារីអគ្គិសនី​ ដន សាហុង នៅសណ្ឋាគារ​ប្រេស៊ីដង់ ខេត្តបាត់ដំបង ដែល​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ក្រោម​ជាតិ​លើក​ទី១ សម្រាប់​តំបន់​ទន្លេ​មេគង្គ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ១៧-១៨ ខែតុលា ឆ្នាំ២០១៤ នៅ​ខេត្ត​ស្ទឹងត្រែង។

ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង​ នៃគណៈ​កម្មាធិការ​ជាតិ​​ទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមការងារ នីតិវិធីស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង របស់គណៈកម្មការទន្លេមេគង្គ សម្រាប់កម្ពុជា ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង​ឧតុនិយម និងជា​ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ងួន រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ និង​បើក​កិច្ចប្រជុំនេះ​ ដែលមានអ្នកចូលរួមប្រមាណ ៨០នាក់ អញ្ជើញមកពីលេខាធិការ​ដ្ឋាន គណៈកម្មការទន្លេ​មេគង្គ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា​ ក្រុមការងាររបស់គណៈកម្មការរួមសម្រាប់តាមដាន វាយតម្លៃ និងរាយការណ៍ពីគម្រោងទំនប់​វារីអគ្គិសនី​ ដន សាហុង សម្រាប់កម្ពុជា ក្រុមការងារតាមដាន វាយតម្លៃ និងរាយការណ៍អំពីការវិវត្តនៃការអភិវឌ្ឍទំនប់វារីអគ្គិសនីលើទន្លេមេ និងដៃទន្លេមេគង្គ នៃគណៈ​កម្មា​ធិការ​ជាតិ​​​ទន្លេ​​មេគង្គ​​កម្ពុជា បណ្តាមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ បណ្តាសហគមន៏មូលដ្ឋាន នៃបណ្តា​ខេត្តពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលនៅមូលដ្ឋាន និងបណ្តាអ្នកពាក់ព័ន្ធផ្សេងៗទៀត។

កិច្ចប្រជុំនេះនឹងពិភា​ក្សាផ្តោតលើ​​ប្រធានបទសំខាន់ ២គឺ៖

១. ផលប៉ះពាល់ (ជាពិសេសផលប៉ះពាល់ឆ្លងដែន) និងក្តីកង្វល់បណ្តាលមកពីទំនប់​វារីអគ្គិសនី​​ ដែល​អាចនឹងកើតមាន​មកលើប្រទេសកម្ពុជា និង

២. វិធានការដែលអាចជួយ​បញ្ចៀស កាត់បន្ថយ និងទប់ស្កាត់ផលប៉ះពាល់ទាំងនោះ។

លទ្ធផលដែលនឹងទទួលបានពីកិច្ចប្រជុំនេះគឺ ការប្រមូលបាននូវក្តីកង្វល់ និងអនុសាសន៍​ពីសំណាក់ បណ្តា​មន្ទីរជំនាញ សហគមន៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ដើម្បីធ្វើសំយោគសម្រាប់ជាមូលដ្ឋាន​ពិចារណា​​ដោយសមាជិក​គណៈ​កម្មា​ធិការ​រួម នៃគណៈ​កម្មការ​ទន្លេមេគង្គនៃភាគីកម្ពុជា និងសម្រាប់ប្រើប្រាស់ជាការ រួម​ចំណែក​ក្នុងការរៀបចំ ”ទម្រង់ឆ្លើយតបជាផ្លូវការក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ” ទៅប្រទេស​ជាសមា​ជិកផ្សេងទៀត អំពីទស្សនៈកម្ពុជាលើសំណើរគម្រោងវារីអគ្គិសនី ដន សាហុង៕

Hits: 1091