កិច្ចប្រជុំថ្នាក់តំបន់លើកទី២ ស្តីពី ផែនការចង្អុលបង្ហាញថ្នាក់ជាតិ ឆ្នាំ២០១៦-២០២០ (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥)
(MRC-BDP)
បាងកក៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទី២ ស្ដីពី ផែនការចង្អុលបង្ហាញថ្នាក់ជាតិ នៃប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពីមន្ត្រីក្រុមការងារទទួលបន្ទុកការកសាងផែនការចង្អុលបង្ហាញថ្នាក់ជាតិ នៃប្រទេសជាសមាជិក ព្រមទាំងមន្រ្តីការងារទទួលបន្ទុកផែនការ នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣២ រូប។ មន្ត្រីក្រុមការងារកម្ពុជាមាន ០៦រូប គឺមន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ០២ រូប មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ០១ រូប មន្រ្តីក្រសួងផែនការ ០១ រូប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ០១ រូប រួមទាំងជំនាញការជាតិ ០១ រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីចែករំលែក និងស្វែងយល់អំពីដំណើរការកសាង និងការសម្រេចបាននូវសេចក្តីព្រាងផែនការចង្អុលបង្ហាញថ្នាក់ជាតិ ឆ្នាំ២០១៦-២០២០ របស់ប្រទសជាសមាជិកនីមួយៗ ដែលក្នុងនោះមានសកម្មភាពជាតិ សកម្មភាពវិមជ្ឈិការ-មុខងារស្នូល គម្រោងជាតិដែលមានផលសំខាន់សម្រាប់អាងទន្លេ និងគម្រោងឆ្លងដែនសម្រាប់អនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ BDS ២០១៦-២០២០ និងសម្រាប់រួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្រ្ត MRC ២០១៦-២០២០។
អង្គប្រជុំបានពិភាក្សាលើសក្តានុពលគម្រោងរួមគ្នា និងកំណត់ជំហានការងារលម្អិតច្បាស់លាស់បន្ទាប់ទៀត និងពិនិត្យពិភាក្សាអំពីប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃទូទៅសម្រាប់ផែនការចង្អុលបង្ហាញថ្នាក់ជាតិ និងការឯកភាពជំហានបន្ទាប់ដែលត្រូវអនុវត្ត ការកំណត់ពេលវេលា ការគៀងគរថវិកា និងតម្រូវការបច្ចេកទេសគាំទ្រនានា ដើម្បីបញ្ចប់ឯកសារផែនការចង្អុលបង្ហាញថ្នាក់ជាតិរបស់ប្រទសនីមួយៗ នៅដើមឆ្នាំ ២០១៦។ អង្គប្រជុំក៏បានឯកភាពលើសកម្មភាពផែនការអាងទន្លេមេគង្គ ក្នុងការផ្តល់ថវិកាសកម្មភាពការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រទេសជាសមាជិក ក្នុងការអនុវត្ត និងសម្រាប់ការពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តផែនការចង្អុលបង្ហាញថ្នាក់ជាតិនេះ៕
Hits: 4344