កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី គម្រោងរួមសម្រាប់ផែនការចង្អុលថ្នាក់ជាតិ ឆ្នាំ ២០១៦-២០២០ (ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦)
(MRC-BDP)
បាងកក៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី គម្រោងរួមសម្រាប់ផែនការចង្អុលថ្នាក់ជាតិ (National Indicative Plan) ឆ្នាំ ២០១៦-២០២០ របស់ប្រទេសជាសមាជិក នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបច្ចេកទេសតំណាងប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម មន្រ្តីលេខាធិការដ្ឋាន MRC តំណាងដៃគូអភិវឌ្ឍន៍ និងជំនាញការអន្តរជាតិ សរុបចំនួន ២៤រូប។ មន្រ្តីកម្ពុជាមានចំនួន ០៤រូប មកពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាចំនួន ០២រូប ក្រសួងធនធានទឹក និងឧតុនិយមចំនួន ០១រូប និងជំនាញការជាតិចំនួន ០១រូប ។
អង្គប្រជុំបានប្រព្រឹត្តទៅដោយបានពិនិត្យឡើងវិញពី ការវិវត្តិរីកចម្រើននៃការរៀបចំ NIP និងការផ្តល់មតិណែនាំរបស់ក្រុមការងារថ្នាក់តំបន់ ជុំវិញសេចក្តីព្រាងឯកសារផែនការចង្អុលថ្នាក់ជាតិ។ បានស្តាប់បទបង្ហាញអំពីគម្រោងរួមរវាងប្រទេស និងប្រទេស ជាមួយនឹងការពន្យល់អំពីទស្សនទាននៃការលើកសំណើគម្រោងនីមួយៗរបស់ប្រទេសនីមួយៗ។
លទ្ធផលសំខាន់នៃអង្គប្រជុំគឺ បានឯកភាពកែសម្រួលឈ្មោះគម្រោងរួម បានដាក់បញ្ជូលបន្ថែមទស្សនៈយោបល់របស់អង្គប្រជុំ ក្នុងនោះរួមមាន (១) កម្ពុជា-វៀតណាម សម្រាប់ការគ្រប់គ្រងធនធានទឹកឆ្លងដែនតំបន់ដីសណ្តមេគង្គ និងតំបន់ទន្លេសេសាន-ស្រែពក (២) កម្ពុជា-ឡាវ សម្រាប់ការគ្រប់គ្រងធនធានទឹកឆ្លងដែនតំបន់ទន្លេសេកុង និងទន្លេមេគង្គ (៣) កម្ពុជា-ថៃ សម្រាប់ការគ្រប់គ្រងធនធានទឹកឆ្លងដែនតំបន់ខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ និង (៤) ឡាវ-ថៃ សម្រាប់ការគ្រប់គ្រងធនធានទឹកឆ្លងដែនតំបន់ទន្លេមេ ពិនិត្យតាមដានវាយតម្លៃផលប៉ះពាល់បរិស្ថាននៃទំនប់វារីអគ្គិសនីសាយ៉ាបូរី និងនាវាចរណ៍ពីលួងប្រាបាងមកល្បាក់ទឹកខោន និង (៥) កម្ពុជា-ឡាវ-វៀតណាម ការគ្រប់គ្រងអភិវឌ្ឍន៍អាងទន្លេសេកុង-សេសាន-ស្រែពក។ បានឯកភាព ប្រទេសជាសមាជិកត្រូវរៀបចំសិក្ខាសាលាថ្នាក់ជាតិពិនិត្យលើសេចក្ដីព្រាងឯកសារ NIP មុនលើកសំណើមកលេខាធិការដ្ឋាន MRC។ បានឯកភាពថា ប្រទេសជាសមាជិក នឹងបញ្ចប់សេចក្តីព្រាងឯកសារ NIP រួចបញ្ជូនមកក្រុមការងារថ្នាក់តំបន់នាសប្តាហ៍ទី២ ខាងមុខ៕
Hits: 3862