Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តី​ពី ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត MRC ឆ្នាំ ២០១៦-​២០២០ (ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥)

(MRC-BDP)

វៀងច័ន្ទ៖ គណៈ​ប្រតិភូ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តី​ពី ការ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត MRC ឆ្នាំ ២០១៦-​២០២០ នៅ​លេខា​ធិការ​ដ្ឋាន MRC ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ CNMC និង​មាន​មន្រ្តី​អគ្គ​លេខា​ធិការ​ដ្ឋាន CNMC មន្រ្តី​តំណាង​ក្រសួង​ផែនការ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​បរិស្ថាន និង​រដ្ឋ​បាល​ជល​ផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សរុប​ចំនួន ០៧រូប។ មាន​មន្រ្តី​ប្រតិភូ​មក​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម មន្រ្តី​លេខា​ធិការ​ដ្ឋាន MRC ប្រចាំ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​វៀងច័ន្ទ តំណាង​ស្ថាន​ទូត​អូស្រ្តាលី តំណាង​ដៃ​គូ​អភិវឌ្ឍន៍ សរុប​ចំនួន ៥៥រូប។

កិច្ចប្រជុំមានគោលបំណងសំខាន់ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារផែនការយុទ្ធសាស្រ្តរបស់ MRC ឆ្នាំ ២០១៦-២០២០ ដោយដាក់បញ្ជូលមតិយោបល់ថ្នាក់ជាតិ នៃប្រទេសសមាជិក និងមតិយោបល់របស់ដៃគូអភិវឌ្ឍន៍ ដែលគាំទ្រគណៈកម្មការទន្លេមេគង្គ។

ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ CNMC និងជាប្រធានគណៈកម្មាធិការរួម MRC ២០១៥/២០១៦ និងលោក Hans Guttman នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC ជាគណៈអធិបតី និងជាសហប្រធាននៃកិច្ចប្រជុំ បានថ្លែងចាប់អារម្មណ៍ និងបើកកិច្ចប្រជុំ ដោយបានវាយតម្លៃពីសារសំខាន់នៃឯកសារផែនការយុទ្ធសាស្រ្ត ដែលនឹងត្រូវប្រើប្រាស់សម្រាប់អនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០១៦-២០២០ និងដំណើរការអនុវត្តន៍ផែនទីបង្ហាញផ្លូវអនុវត្តន៍ដំណើរការវិមជ្ឈការ និងមុខងារស្នូលរបស់គណៈកម្មការទន្លេមេគង្គ ព្រមទាំងបានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ដែលបាន និងបន្តការគាំទ្រ និងផ្តល់ថវិកាសម្រាប់ MRC។

កិច្ចប្រជុំបានស្តាប់នូវខ្លឹមសារ និងអត្ថន័យនៃបទឧទេ្ទសនាមទាក់ទង (១) ទិដ្ឋភាពទូទៅនៃផែនការយុទ្ធសាស្រ្ត ២០១៦-២០២០ និងទំនាក់ទនងចំពោះយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ និងមុខងារស្នូល (២) ខ្សែសង្វាក់លទ្ធផលគឺ គោលដៅ (Goal) ផលសម្រេច (Outcomes) លទ្ធផល (Outputs) និងសកម្មភាព (Activities) (៣) ថវិកាប៉ាន់ប្រមាណ និងតម្រូវការថវិកាអនុវត្តន៍ផែនការយុទ្ធសាស្រ្ត (៤) ការរៀបចំរចនាសម្ព័ន្ធអនុវត្តន៍ និង (៥) ) ការពិនិត្យតាមដាន និងវាយតម្លៃផែនការយុទ្ធសាស្រ្ត។

បទបង្ហាញបានលើកឡើងផងដែរនូវ មតិយោបល់របស់ប្រទេសជាសមាជិក ក្នុងការចូលរួមកែលំលើសេចក្តីព្រាងឯកសារ តាមរយៈលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ។ មតិយោបល់របស់ដៃគូអភិវឌ្ឍន៍បានផ្តល់ ដើម្បីកែលំអ និងកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងឯកសារផែនការយុទ្ធសាស្រ្ត និងថវិកាជាកញ្ចប់ (Basket Fund) ដែលត្រូវគណនាឱ្យមានលក្ខណៈជាក់ស្តែង។

អង្គប្រជុំបានលើកទិសដៅទៅថ្ងៃមុខ ដើម្បីបន្តការរៀបចំបញ្ចប់ឯកសារផែនការយុទ្ធសាស្រ្តគឺ៖

  • សេចក្តីព្រាងឯកសារថ្មី នឹងត្រូវរៀបចំក្នុងខែមីនា ២០១៥
  • ការវាយតម្លៃរួមនៃឯកសារផែនការយុទ្ធសាស្រ្ត នឹងប្រព្រឹត្តនៅខែ មីនា-មេសា ២០១៥
  • ការប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ-តំបន់ក្នុងខែ ឧសភា ២០១៥
  • គណៈកម្មាធិការរួម អនុម័តឯកសារផែនការយុទ្ធសាស្រ្តក្នុងខែសីហា ឆ្នំា២០១៥

ក្រោយមកមានការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ថវិកាជាកញ្ចប់ ការព្រមព្រៀងផ្នែកហិរញ្ញវត្ថុ និងការជ្រើសរើសបុគ្គលិក (ការរៀបចំលក្ខខណ្ឌការងារ)​។ល។

Hits: 940