កិច្ចប្រជុំក្រុមការងារថ្នាក់តំបន់លើកទី៧ របស់ Lower Mekong Initiative (ថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ២០១៥)
(LMI)
បាងកក៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាមួយប្រតិភូកម្ពុជា មានសមាសភាពមន្រ្តីតំណាងក្រសួងពាក់ព័ន្ធ ០៩រូប មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់តំបន់លើកទី៧ របស់ Lower Mekong Initiative (LMI) ទីក្រុងបាងកក ប្រទេសថៃ។ ប្រតិភូចូលរួមមានតំណាងប្រទេសជាសមាជិក LMI តំណាង US អាស៊ាន សហគមន៍អឺរុប និងអូស្រ្តាលី សរុបចំនួន ១២១រូប។
គោលបំណងនៃកិច្ចប្រជុំ៖
- ពិនិត្យលើផ្នែក-វិស័យប្រទាក់គ្នានឹងទឹក Cross-cutting themes Water ដែលពាក់ព័ន្ធ Energy-Food Security Nexus
- ប្រជុំលើកទី១ នៃក្រុមជំនាញ និងជាន់ខ្ពស់ Eminent & Expert Person Group (EEPG)
- ពិភាក្សាអំពីការកសាងផែនការមេសម្រាប់ឆ្នាំ ២០១៥-២០២០ Master Plan of Action 2015-202០
- រៀបចំសេចក្តីព្រាងអនុសាស្រ្តនៃក្រុម Draft EEPG list of recommendations។
កិច្ចប្រជុំបានស្វែងយល់អំពី ទស្សនៈក្នុងបរិបទ ការប្រទាក់គ្នាសុវត្ថិភាពទឹក-អាហារ-ថាមពល (Water-Food-Energy Security Nexus) ដោយយកចិត្តទុកដាក់ចំពោះវិធីសាស្រ្ត គ្រប់គ្រងធនធានទឹកចម្រុះ ដែលលើកកម្ពស់ការចូលរួមនៃវិស័យពាក់ព័ន្ធ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងដែន រវាងប្រទេសមានព្រំប្រទល់ទឹកជាប់គ្នា ការពង្រឹងកិច្ចសហការជាមួយយន្តការអន្តរជាតិ រួមមាន គណៈកម្មការទន្លេមេគង្គ អាស៊ាន និងមហាអនុតំបន់មេគង្គ (GMS) លើកិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ។
ប្រទេសជាសមាជិក បានឯកភាពតាមរយៈផ្នែកបង្គោលវិស័យទាំង៦ (១) សិក្សា និងពិនិត្យឡើងវិញដំណើរវិវត្តរីកចម្រើន ក្នុងការអនុវត្តផែនការ ៥ឆ្នាំ កន្លងមក អំពីភាពខ្វះចន្លោះនានា និង (២) លើកផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១៥-២០២០ ស្របតាមផ្នែកបង្គោលវិស័យទាំង៦ មានភាពជាក់ស្តែង និងលទ្ធផលជារូបវន្ត បន្ថែមលើការពង្រឹងសមត្ថភាពស្ថាប័ន និងមនុស្សរបស់ប្រទេសជាសមាជិក។ ប្រទេសកម្ពុជា ទទួលបន្ទុកផ្នែកបង្គោលវិស័យសុខាភិបាល។ សម្រាប់វិស័យធនធានទឹកគឺ នៅក្នុងផ្នែកបង្គោលវិស័យបរិស្ថាន និងទឹក (Environment and Water Pillar) ដែលដឹកនាំដោយវៀតណាម។ ប្រទេសសមាជិក នឹងត្រូវរៀបចំសំណើសកម្មភាព គម្រោងតាមក្រសួង ស្ថាប័នដោយឡែក ឬរួមគ្នា សម្រាប់ផែនការសកម្មភាពឆ្នាំ ២០១៥-២០២០ ដោយបញ្ជូនទៅក្រសួងការបរទេស របស់ប្រទេសខ្លួន ដើម្បីស្នើសុំបន្តទៅស្ថានទូតសហរដ្ឋអាមេរិក ពិនិត្យ និងពិចារណា។
កិច្ចប្រជុំបានអនុម័តសេចក្តីសេចក្តីថ្លែងការណ៍រួមនៃប្រធានអង្គប្រជុំ (Co-Chair’ Statement) របស់ក្រុមជំនាញ និងជាន់ខ្ពស់ Eminent & Expert Person Group (EEPG) ដែលបានឯកភាពអំពី ការងារបន្តតាមផ្នែកបង្គោលវិស័យទាំង៥ និងលទ្ធផលពិភាក្សាលើប្រធានបទ (១) ការប្រទាក់ក្រឡាសុវត្ថភាពទឹក-ថាមពល-អាហារ (២) ការពង្រឹងអំណាចស្រ្តី និងសមភាពយេនឌ័រ និង (៣) បណ្តាមិត្តនៃមេគង្គភាគខាងក្រោម ដែលភ្ជាប់នឹងកិច្ចប្រជុំវិសាមញ្ញស្តីពី និរន្តរភាពមេគង្គ។ អំពីផ្នែកបង្គោលវិស័យ រួមមាន (១) កសិកម្ម និងសុវត្ថភាពអាហារ (២) សិក្សាអប់រំ (៣)សុវត្ថភាពថាមពល (៤) បរិស្ថាន និងទឹក (៥) សុខភាព។ នៅក្នុងផ្នែកបង្គោលវិស័យ បរិស្ថាន និងទឹក ប្រទេសកម្ពុជា បានស្នើលើកកម្ពស់ និងជម្រុញកិច្ចសហប្រតិបត្តិការឆ្លងដែន សម្រាប់ការសិក្សាហេតុប៉ះពាល់បរិស្ថាន-សង្គម-សេដ្ឋកិច្ច (EIA) ការពង្រឹងសមត្ថភាពបច្ចេកទេស ក្នុងដំណើរការកសាងផែនការផ្អែកតាមចក្ខុវិស័យ-បែបផែនសេណារីយ៉ូ និងការសិក្សារួមគ្នាការប្រើប្រាស់ និងការគ្រប់គ្រងទឹកក្រោមដីក្នងតំបន់ដីសណ្តមេគង្គ រវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។ ឯកសារ Concept Note ផ្តួចផ្តើមដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការឆ្លងដែន តំបន់ និងសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក ត្រូវបានស្នើដោយកម្ពុជា សម្រាប់ពិចារណារឆ្នាំ ២០១៥-២០២០៕
Hits: 3801