Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​ងារ​វិមជ្ឈការ​លើ​ការ​កសាង វាយ​តម្លៃ​មូល​ដ្ឋាន​ទិន្នន័យ​សេដ្ឋកិច្ច សង្គម (ថ្ងៃទី ១៧-១៨ ខែធ្នូ ឆ្នាំ២០១៤)

(CNMC-BDP)

សៀមរាប៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្ដីពី ការងារ​វិមជ្ឍការ​លើ​ការ​កសាង វាយ​តម្លៃ​មូល​ដ្ឋាន​ទិន្នន័យ សេដ្ឋកិច្ច សង្គម សម្រាប់​ផែនការ​អភិវឌ្ឍន៍​អាង​ទន្លេ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ក្រោម​អធិបតីភាព​ឯក​ឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។ ឯកឧត្តម​បាន​ដឹក​នាំ​កិច្ច​ប្រជុំ និង​បាន​ថ្លែង​ចាប់​អារម្មណ៍ និង​បើក​អង្គ​ប្រជុំ ក្នុង​នាម​ឯកឧត្តម លឹម គានហោ រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និងជាប្រធាន​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីតំណាងក្រសួង-ស្ថាប័នជាសមាជិក សរុបចំនួន ៥០រូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យ វាយតម្លៃកម្រិតជាតិលើទស្សនៈបច្ចេកទេស និងរដ្ឋបាលសម្រាប់មូលដ្ឋានទិន្នន័យសេដ្ឋកិច្ច-សង្គមរបស់ MRC និងពិភាក្សាអំពីតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ន ក្នុងការសម្របសម្រួល និងអនុវត្តន៍ដំណើរការវិមជ្ឈការនៃការកសាង និងវាយតម្លៃមូលដ្ឋានទិន្នន័យសេដ្ឋកិច្ចសង្គម សម្រាប់ការកសាងផែនការអាងទន្លេរបស់ MRC។

ឯកឧត្តម តែ ណាវុធ បានថ្លែងបញ្ជាក់ពីការងារចាប់តាំងពីកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ បានបង្កើតឡើងដោយប្រទេសសមាជិកទាំង៤ បានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្រោមជំនួយថវិកា និងបច្ចេកទេសរបស់ MRC បានឈានដល់ការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែល្អប្រសើរ អំពីផែនការទាក់ទងនឹងទឹក និងបានពិភាក្សាអំពីផែនការអភិវឌ្ឍន៍របស់ប្រទេស និងតំបន់មេគង្គ ព្រមទាំងបានឯកភាពលើយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេសម្រាប់ឆ្នាំ ២០១១-២០១៥ និងកំពុងរៀបចំបច្ចុប្បន្នកម្មយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០១៦-២០២០។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារសំខាន់នៃប្រព័ន្ធមូលដ្ឋានទិន្នន័យសេដ្ឋកិច្ចសង្គម សម្រាប់ការវាយតម្លៃប្រសិទ្ធភាព និងភាពសក្តិសិទ្ធនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គទាំងមូល និងការគាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ ២០១៦-២០២០ និងដំណើរការវិមជ្ឈការ និងមុខងារស្នូលរបស់ MRC ដែលស្របតាមការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក ដូចបានឯកភាពនៅក្នុងកិច្ចប្រជុំកំពូលរបស់ MRC ឱ្យមានស្វ័យភាពទាំងស្រុងផ្នែកហិរញ្ញវត្ថុនៅឆ្នាំ២០៣០។

អង្គប្រជុំបានស្វែងយល់ពីខ្លឹមសារ និងអត្ថន័យនៃប្រព័ន្ធទិន្នន័យ តាមរយៈបទបង្ហាញនានា របស់មន្រ្តីជំនាញក្រុមការងារ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីជំនាញមកពីវិទ្យាស្ថានស្ថិតិជាតិនៃក្រសួងផែនការ និងមន្រ្តីមកពីលេខាធិការដ្ឋាន MRC និងបានពិភាក្សាប្រព័ន្ធទិន្នន័យ រចនាសម្ព័ន្ធ សមាសធាតុ សូចនាករទិន្នន័យ និងកម្មវិធីបញ្ជូលទិន្នន័យ និងផ្តល់មតិយោបល់ស្របតាមគំនិតរបស់វិស័យតាមស្ថាប័ន លើតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន សម្រាប់ការស្រង់ទិន្នន័យជាតិ និងតំបន់ ជាពិសេសការវាយតម្លៃទិន្នន័យកម្រិតជាតិ និងតំបន់ លើទស្សនៈបច្ចេកទេស និងរដ្ឋបាល សម្រាប់ការចែករំលែកទិន្នន័យ ដោយមានការធានានូវគុណភាព និងសុក្រឹតភាព ដើម្បីកសាងផែនការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព​៕

Hits: 3566