Developed by Khmer Focus

វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី៤ ស្តី​ពី យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ ២០១៦-២០២០ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី ២០-២២ ខែវិច្ឆិកា ឆ្នាំ២០១៤)

(MRC-BDP)

សៀមរាប៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បានរៀបចំវេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើក​ទី​៤ ស្តីពី យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​អាង​ទន្លេ​មេគង្គ ២០១៦-២០២០ នៅ​សណ្ឋាគារ​អប្សរា​អង្គរ ក្រុង​សៀម​រាប ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​តំណាង​ក្រសួង-​ស្ថាប័ន​ពី​ប្រទេស​ជា​សមាជិក​ទាំងបួន ដៃ​គូ​សន្ទនា​របស់ MRC នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ ចិន និង​មីយ៉ាន់ម៉ា តំណាង​ដៃគូអភិវឌ្ឍន៍ បណ្តា​នាយក និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរ​ជាតិ តំណាង​មក​ពី​វិទ្យា​ស្ថាន​សិក្សា​ស្រាវ​ជ្រាវ​ជាតិ និង​អន្តរ​ជាតិ គណ:​កម្មាធិការ​អាង​ទន្លេ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន មានចំនួនសរុប ២០៨រូប។

ឯកឧត្តម  លឹម​ គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គតំណាងកម្ពុជា បានមានប្រសាសន៍ថ្លែងស្វាគមន៍ និងបើកអង្គវេទិកា។ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអបអរសារទរ និងវាយតម្លៃចំពោះវេទិកាពិគ្រោះយោបល់ ដែលមានខ្លឹមសារ និងអត្ថន័យដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់ទន្លេមេគង្គ ប្រកបដោយចីរភាព​ និងឧត្តមភាព និងបានសង្កត់ធ្ងន់លើមោទនភាពចំពោះដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នរបស់ប្រទេសជាសមាជិក MRC ដែលបានធ្វើការយ៉ាង ជិតស្និទជាមួយគ្នា នាំមកនូវភាពជឿនលឿនជាវិជ្ជមាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងអាងទន្លេមេគង្គ និងធនធានប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានកោតសរសើរ និងអរគុណដល់ដៃគូអភិវឌ្ឍន៍នានា​ ចំពោះការបន្តកិច្ចគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសរបស់ខ្លួន ដើម្បីអនុវត្តន៍កម្មវិធីមេគង្គនានា ដែលរូមចំណែកដល់ការពង្រឹង MRC ឱ្យកាន់តែរឹងមាំ ដើម្បីសម្រេចការអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយចីរភាព ដូចបានចែងក្នុងកិច្ចព្រមព្រៀងមេគង្គ១៩៩៥។

ឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ និងផ្តល់អនុសាសន៍ ដល់អង្គវេទិកាពិចារណា និងចាប់អារម្មណ៍នឹងបញ្ហាសំខាន់ៗ ដូចតួយ៉ាង បញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងអំឡុងឆ្នាំ ២០១១-២០១៣ បានកើតឡើងក្នុងអាងទន្លេមេគង្គ ហើយប្រទេសជាសមាជិកបានទទួលរងនូវការខូចខាតយ៉ាងតំណំ ក្នុងបរិបទខុសៗគ្នា ដោយមានការបំផ្លិចបំផ្លាញដល់អាយុជីវិត ជីវភាពប្រជាជន សង្គម វប្បធម៌ និងហេដ្ឋារចនាសម័្ពន្ធនានា គឺជាសញ្ញាណពិតប្រាកដ នៃកំណើនឡើងនៃផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសនីមួយៗ និងនៅលើភពផែនដី ដែលទាមទារការខិតខំរួមគ្នា និងក្របខ័ណ្ឌយុទ្ធសាស្រ្ត សម្រាប់ធ្វើសកម្មភាពជាបន្ទាន់នៅកម្រិត​​ជាតិ តំបន់ និងពិភពលោកទាំងមូល ដើម្បីចាត់វិធានការចំពោះផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងភាពប្រឈមដែលអាចកើតមានឡើង ដោយឥតព្រាងទុក។ ម្យ៉ាងវិញទៀត កំណើនឡើងនៃការអភិវឌ្ឍវារីអគ្គិសនីលើដងទន្លេមេ និងផលប៉ះពាល់របស់វាទៅលើអាងទន្លេផ្នែកខ្សែទឹកខាងក្រោម គឺជាបញ្ហារសើប និងជាការប្រឈមមួយទៀត សម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍អាង ការចរចារថ្លឹងថ្លែង ការចែករំលែកផលប្រយោជន៍តំបន់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងដែន។ នៅក្នុងឆ្នាំបន្តបន្ទាប់ដែលនឹងមកដល់ គណ:កម្មការទន្លេមេគង្គ នឹងមានដំណើរទៅកាន់ស្ថានភាពដែលអាចជួបប្រទះនឹងកំណើនភាពប្រឈមកាន់តែខ្លាំងឡើង ដែលតម្រូវឱ្យមានក្របខ័ណ្ឌយុទ្ធសាស្រ្តច្បាស់លាស់ ដោយមានសកម្មភាពសមស្រប ដើម្បីជាដំណោះស្រាយ។ ដោយសារផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃបម្រែបម្រួលអាកាសធាតុដែលអាចកើតឡើងជាយថាហេតុ រួមជាមួយនឹងកំណើនឡើងនៃតម្រូវការដើម្បីអភិវឌ្ឍន៍ក្នុងតំបន់មេគង្គ និងប្រទេសជាសមាជិក MRC នឹង​ប្រឈមមុខចំពោះឧបសគ្គធំៗ ក្នុងការសម្រេចជោគជ័យនៃបេសកកម្មអភិវឌ្ឍន៍អាងទន្លេប្រកបដោយចីរភាពរបស់ខ្លួន។ នេះគឺជាពេលវេលាសំខាន់បំផុត ដែលទាមទារឱ្យប្រទេសជាសមាជិកទាំងបួន ធ្វើការជាមួយគ្នាកាន់តែជិតស្និទថែមទៀត ដើម្បីតទល់ចំពោះការប្រឈមដែលអាចជាឧប្បតិ្តហេតុកើតឡើងគ្រប់ពេល។ ស្របពេលនេះដែរ ការបន្តកិច្ចគាំទ្រ និងការរួមចំណែកពីដៃគូអភិវឌ្ឍន៍របស់ MRC ជាពិសេសពីម្ចាស់ជំនួយរបស់យើង នៅតែចាំបាច់ ហើយយើងសង្ឈឹមយ៉ាងមុតមាំថា ដៃគូអភិវឌ្ឍន៍របស់យើង នឹងបន្តការគាំទ្ររបស់គេដល់ MRC និងបន្តធ្វើដំណើរកាន់ដៃគ្នា ជាមួយប្រទេសជាសមាជិក ដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់រួម និងបញ្ហាដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

អង្គវេទិកាបានស្តាប់បទបង្ហាញជាច្រើន និងយល់ជ្រាបច្បាស់ជុំវិញទស្សនៈនៃការបង្កើត និងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ និងបានគាំទ្រដល់សកម្មភាពអនុវត្តន៍កន្លងមក ក្នុងការចូលរួមវិភាគទានសំខាន់ដើម្បីពង្រឹងសមត្ថភាពកសាងផែនការ ការកសាងសេណារីយូអភិវឌ្ឍន៍ ដោយមានការចូលរួមពីគ្រប់ភាគីប្រទេសជាសមាជិក និងអ្នកពាក់ព័ន្ធផ្សេងទៀត និងបានស្វែងយល់បន្ថែមអំពីខ្លឹមសារនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការកសាងផែនការអភិវឌ្ឍន៍អាងទន្លេ តួនាទីក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេមេគង្គ សម្រាប់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន របស់ប្រទេស។   ជាលទ្ធផល អង្គវេទិកាបានសម្រេចឯកភាពខ្លឹមសារអនុសាសន៍ និងមតិយោបល់ដើម្បីកែលម្អឯកសារសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០១៦-២០២០៕

Hits: 3749