Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តី​ពី ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ នៃ​ប្រទេស​ជា​សមាជិក​ទាំង​៤ (ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៦)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តីពី ផែន​ការ​ចង្អុល​ថ្នាក់​ជាតិ នៃ​ប្រទេស​ជា​សមាជិក​ទាំង​៤ នៅ​សណ្ឋាគារ InterContenental រាជធានី​ភ្នំពេញ។ មាន​សមាស​ភាព​មក​ពី​ក្រុម​ការ​ងារ គណៈ​កម្មា​ធិការ​ជាតិទន្លេមេគង្គ កម្ពុជា ឡាវ ថៃ និងវៀតណាម លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងតំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៨រូប។ ក្រុមការងារកម្ពុជា មាន ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង លោក ហាក់ សុជាតិ ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ខុម ប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី និងលោកស្រី បណ្ឌិត ម៉ក់ សូលៀង ទីប្រឹក្សាជាតិ។ កិច្ចប្រជុំបានស្តាប់ និងស្វែងយល់រួម អំពីផែនការចង្អុលថ្នាក់ជាតិ ២០១៦-២០២០ របស់ប្រទេសជាសមាជិក ដែលបានអនុម័តដោយប្រទេសនីមួយៗ ក្នុងនោះមានគម្រោងជាតិ ដែលមានផលសំខាន់សម្រាប់អាងទន្លេមេគង្គទាំងមូល គម្រោងឆ្លងដែនរវាងប្រទេសកម្ពុជា-ឡាវ កម្ពុជា-វៀតណាម កម្ពុជា-ថៃ ថែ-ឡាវ និងសកម្មភាពវិមជ្ឈការសម្រាប់សម្រេចគោលដៅនៃផែនការយុទ្ធសាស្រ្ត ២០១៦-២០២០ របស់គណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំបានសហការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម បណ្ឌិត អាន ពេជ្រហត្ថដា នាយកផ្នែកផែនការនៃលេខាធិការដ្ឋាន MRC និងលោកស្រី Jenni Lundmark ប្រតិភូសហគមន៍អឺរ៉ុប ប្រចាំក្រុងបាងកកក។ មន្រ្តីតំណាងដៃគូអភិវឌ្ឍន៍បានបង្ហាញទស្សនៈចាប់អារម្មណ៍ និងពេញចិត្ត និងបានពិចារណាសម្រាប់ផ្តល់ជំនួយលើការអនុវត្តផែនការចង្អុលថ្នាក់ជាតិនីមួយៗ និងបង្ហាញពីចំណាប់អារម្មណ៍ធ្វើការជាមួយគណៈកម្មការទន្លេមេគង្គ។  ផែនការសកម្មភាពនាពេលខាងមុខ នឹងមានកិច្ចប្រជុំរួមលម្អិត លើការពិភាក្សាគម្រោងរួមឆ្លងដែន និងលើប្រព័ន្ធពិនិត្យវាយតម្លៃការអនុវត្តគម្រោង ឬផែនការចង្អុលថ្នាក់ជាតិ។ កម្ពុជា នឹងបន្តជួបពិភាក្សាដោយឡែក ជាមួយតំណាងសហគមន៍អឺរ៉ុបដែលមានចំណាប់អារម្មណ៍គាំទ្រគម្រោងកម្ពុជា៕

Hits: 3144