កិច្ចប្រជុំថ្នាក់ជាតិលើកទី១ នៃការងារទី៣ ក្នុងការសិក្សាដំបូង សម្រាប់កម្មវិធីគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ (ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥)
(CNMC-FMMP)
រាជធានីភ្នំពេញ៖ ក្រោយពីកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការចាប់ផ្តើមអនុវត្តន៍ការងារទី៣ ក្នុងការសិក្សាដំបូងស្តីពី ស្ថានភាពនៃការអភិវឌ្ឍដែលអាចកើតមានក្នុងតំបន់ទំនាបលិចទឹក, គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់ជាតិលើកទី១ សម្រាប់ការងារទី៣ នេះ ដើម្បីបង្ហាញ និងពិភាក្សាលើព័ត៌មាន និងរបាយការណ៍ដែលប្រមូលបានក្នុងចន្លោះពេលចាប់ពីកិច្ចប្រជុំថ្នាក់តំបន់ក្នុងខែកក្កដាកន្លងមក រហូតមកដល់កិច្ចប្រជុំលើកទី១ នេះ។ ក្នុងការងារទី៣ នៃការសិក្សាដំបូងនេះ គឺត្រូវពិនិត្យ និងវិភាគលើរបាយការណ៍ និងព័ត៌មានដែលទទួលបានតាមរយៈការប្រមូលរបស់ជំនាញការជាតិ សម្រាប់រៀបចំសេណារីយូនៃនិន្នាការអភិវឌ្ឍន៍ ដោយមានអ្នកចូលរួមចំនួន ១៨រូប រួមមានតំណាងពីស្ថាបន័ពាក់ពន្ឋ័ចំនួន ០៨រូប ជំនាញការជាតិ ០៤រូប និងជំនាញការអន្តរជាតិចំនួន ០៦រូប។
ការបង្ហាញរបស់ជំនាញការជាតិតាមវិស័យនីមួយៗរួមមាន វិស័យសេដ្ឋកិច្ចសង្គម កសិកម្ម ការប្រើប្រាស់ដី និងការដឹកជញ្ជូន ស្ថានភាពទិន្នន័យព័ត៌មានដែលប្រមូលបាន និងនិន្នាការអភិវឌ្ឍន៍ដែលអាចកើតឡើងក្នុងពេលអនាគត ព្រមទាំងបញ្ហាប្រឈមសំខាន់ដែលមាន និងអាចកើតមាននាពេលអនាគត ទាក់ទងនឹងទឹកជំនន់។
អង្គប្រជុំក៍បានពិភាក្សាជារួម និងដកស្រង់គំនិតស្តីពីលទ្ធភាពនៃការវិវត្ត និងបញ្ហាដែលអាចកើតមានក្នុងរយៈពេល ២០ ទៅ ៣០ឆ្នាំ ខាងមុខ ក្នុងតំបន់ទំនាបលិចទឹក ដែលមានជាអាទ៍ តំបន់ទំនាបទន្លេមេគង្គ ទន្លេបាសាក់ ដីសណ្តរ និងជុំវិញបឹងទន្លេសាប។ អង្គប្រជុំបានពិភាក្សាលើការងារបន្តដែលត្រូវធ្វើ មុននឹងឈានដល់ការរៀបចំកិច្ចប្រជុំលើកទី២។ អ្នកជំនាញការអន្តរជាតិ នឹងពិនិត្យមើលលំអិតលើព័ត៌មាន របាយការណ៍ និងឯកសារយោងនានា ដែលផ្តល់ដោយអ្នកជំនាញការជាតិ និងអនុសាសន៍នានា ដែលទទួលបានក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ វិភាគ និងរៀបចំរបាយការណ៍បន្ថែមទៀតសម្រាប់ពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំលើកទី២ បន្តទៀត៕
Hits: 3934