វគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្រកសាងផែនការបន្ស៊ាំ និងសិក្ខាសាលាកំណត់វិសាលភាពនៃគម្រោងសាកល្បងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ លើបរិបទគ្រប់គ្រងទឹកជំនន់ (ថ្ងៃទី ២៦-២៩ ខែសីហា ឆ្នាំ២០១៤)
(MRC-FMMP)
វៀងច័ន្ទ៖ វគ្គបណ្ដុះបណ្តាលស្តីពី វិធីសាស្ត្រកសាងផែនការបន្ស៊ាំ និងសិក្ខាសាលាកំណត់វិសាលភាព នៃគម្រោងសាកល្បងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ លើបរិបទគ្រប់គ្រងទឹកជំនន់ ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ កម្ពុជាមានសមាសភាពចូលរួមចំនួន ០៦រូប ដែលជាសមាជិកក្រុមការងារនៃគម្រោង តំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តតាកែវ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យសក្ខាកាមទាំងអស់យល់ជ្រួតជ្រាបអំពីពាក្យគន្លឹះនានា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងវិធីសាស្ត្រកសាងផែនការបន្ស៊ាំ។ អង្គសិក្ខាសាលាបានឯកភាពគ្នាទៅលើឯកសារទស្សនទានគម្រោង ល័ក្ខខ័ណ្ឌការងាររបស់ក្រុមការងារថ្នាក់ជាតិ និងឯកភាពលើជំហានទាំង ០៨ សម្រាប់ការអនុវត្តគម្រោងសាកល្បងនេះ។ ប្រទេសកម្ពុជា បានជ្រើសរើសយកស្រុកកោះអណ្តែត នៃខេត្តតាកែវ ជាទីតាំងគម្រោង។ គម្រោងសាកល្បងនេះ ត្រូវបានគេគ្រោងអនុវត្តន៍ពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០១៤ តែដោយមានភាពយឺតយ៉ាវក្នុងការអនុវត្ត គេអាចពន្យាពេលដល់ដើមឆ្នាំ២០១៥៕
Hits: 4337