Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី​៣ នៃ​ក្រុម​ការ​ងារ​រួម នៃ​គម្រោង​គ្រប់​គ្រង​ជល​ផល​ឆ្លង​​ដែន រវាង​ខេត្ត​ព្រៃវែង ប្រទេស​កម្ពុជា និង​ខេត្ត​ដុងថាប់ ប្រទេស​​វៀតណាម (ថ្ងៃទី ០៤-០៥ ខែមិថុនា ឆ្នាំ២០១៥)

(MRC-FP)

ដុងថាប់៖ លេខា​ធិការ​ដ្ឋាន​​គណៈ​​កម្មការ​​ទន្លេ​​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​លើក​​ទី៣ នៃ​ក្រុម​​ការ​ងារ​រួម​នៃ​​គម្រោង គ្រប់​គ្រង​ជល​ផល​ឆ្លង​ដែន រវាង​ខេត្ត​ព្រៃវែង ប្រ​ទេស​​កម្ពុជា និង​ខេត្ត​ដុងថាប់ ប្រទេស​វៀត​ណាម ដោយ​​មាន​​ការ​ចូល​រួម​​ពី​ សមា​​ជិក​​​ក្រុម​ការ​ងារ​រួម របស់​គម្រោង​មក​ពី​​ប្រទេស​​ទាំង​ពីរ មន្ត្រី​សម្រប​​សម្រួល​​ថ្នា​ក់​ជាតិ​​កម្ម​​វិធី​​ជល​ផល មន្ត្រី​​គ្រប់​​​​គ្រង​​បច្ចេក​ទេស​ថ្នាក់​ជាតិ មន្ត្រី​ពាក់ព័ន្ធ​កម្ម​វិធី​ជល​ផល​របស់​​​គណៈ​កម្មការ​​ទន្លេ​មេគង្គ ​សរុប​ចំនួន ២៧រូប។ កិច្ច​​ប្រជុំ​​ដឹក​​នាំ​​ដោយ​សហ​ប្រធា​ន​ ឯកឧត្តម អាន​ ពេជ្រហត្ថដា អគ្គ​លេខា​ធិ​ការ​​រង ​នៃ​​អគ្គ​លេខា​ធិការ​​ដ្ឋាន​​គណៈ​​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លោកស្រី Nguyen Hong Phuong ​នាយ​ក​​​រង ​គណៈ​​​​កម្មាធិ​ការ​​ជាតិ​​ទន្លេ​​មេគង្គ​​វៀត​ណាម​។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ជម្រើស​សម្រាប់ កំណត់​​ការ​គ្រប់​គ្រង​​ជល​​ផល​​រួម​​គ្នា​​នៅ​ក្នុង​តំបន់​អនុវត្តន៍​គម្រោង។

អង្គប្រជុំ​បាន​ឯក​ភាព​យក​បញ្ហា​សំខាន់​ចំនួន ០៣ សម្រាប់​ពិភាក្សា​​លើ​ជម្រើស​សម្រាប់​ ការ​កំណត់​​ការ​គ្រប់​​គ្រង​​​ជល​ផល​រួម​គ្នា ដែល​ក្នុង​នោះ​មាន ការ​កំ​ណត់​​តំបន់​​គ្រប់​គ្រង​រួម​គ្នា បទ​ដ្ឋាន​ច្បាប់​ជល​ផល​នានា និង​​កំណត់​​យន្ត​ការ​គ្រប់​គ្រង​រួម​គ្នា។ ​ជា​រួម​អង្គ​ប្រជុំ​បាន​ឯក​ភាព​គ្នា​យក​​ប្រវែង ៥,៧ គីឡូម៉ែត្រ តាម​​បណ្តោយ​​ទន្លេ​​​តូច​នៃ​ទីតាំង​អនុវត្តន៍​គម្រោង ជា​​កន្លែង​គ្រប់​គ្រង​ជល​ផល​រួម​គ្នា​ ហើយ​បទ​ដ្ឋាន​ច្បាប់​ជល​ផល​ពាក់ព័ន្ធ​​អនុវត្ត​ន៍ តាមបទដ្ឋានច្បាប់ប្រទេសរាងខ្លួន។​ ចំពោះយន្តការគ្រប់គ្រងរួម ​​​អង្គប្រជុំបានឯកភាព​យក​យន្តការ​ដែល​មាន​​ស្រាប់ នៃ​កិច្ច​ប្រជុំ​ទ្វេរ​ភាគី​រវាង​ខេត្ត​ទាំង​ពីរ​ក្នុង​កំរិត​ថ្នាក់​ខេត្ត ស្រុក និង​ឃុំ៕​

 
Hits: 1814