Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ស្តី​ពី គម្រោង​គ្រប់​គ្រង​ជល​ផល​ឆ្លង​ដែន​ក្នុង​ទន្លេ​មេគង្គ និង​សេកុង រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ (ថ្ងៃទី ០៤-០៥ ខែឧសភា ឆ្នាំ២០១៦)

(MRC-FP)

ឡាវ៖ លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​​ស្តី​ពី​ គម្រោង​​គ្រប់​គ្រង​​ជល​ផល​ឆ្លង​ដែន​ក្នុង​ទន្លេ​មេគង្គ និង​សេកុង រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ នៅ​​ទីក្រុង​ប៉ាក់សេ ​ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ក្រុម​ការ​ងារ​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ មន្រ្តី​ជល​ផល​របស់​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​​ជំនាញ​ការ​ធនាគារ​ពិភព​លោក សរុប​ចំនួន ១៧រូប។ ពី​កម្ពុជា​មាន​សមាស​ភាព ០៥រូប ចូល​រួម ក្នុង​នោះ ០៣រូប ពី​រដ្ឋ​បាល​​ជល​​ផល​ ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសាទ និង ០២រូប ពី​គណៈ​កម្មា​ធិការ​​ជាតិ​​ទន្លេ​​មេគង្គ​ក​ម្ពុជា ដែល​​មាន​​លោក សុខ​ ខុម មន្ត្រី​សម្រប​​សម្រួល​ថ្នាក់​ជាតិ​នៃ​កម្ម​វិធី​ជល​ផល និង​លោក សួរ សិទ្ធី ជំនាញ​ការ​​ថ្នាក់​​ជាតិ​​សម្រាប់​​គម្រោង​​​គ្រប់​គ្រង​​ធន​ធាន​ទឹក​ចម្រុះ។​

គោល​បំណង​សំខាន់​នៃ​កិច្ច​ប្រជុំ​គឺ ដើម្បី​បង្ហាញ​អំពី​វឌ្ឍ​ភាព​នៃ​ការ​អនុវត្ត​គម្រោង​ក្នុង​ទន្លេ​មេគង្គ និង​ទន្លេ​​សេកុង និង​របាយ​ការណ៍ស្តីពី ការ​កំណត់​បញ្ហាជល​ផល​ក្នុង​កំរិត​ថ្នាក់​ជាតិ​របស់​ក្រុម​ការ​ងារ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ពិភាក្សាលើ​ការ​កំណត់​បញ្ហា​រួម និង​ជា​អាទិភាព ​ និង​ឯក​ភាព​​លើ​បញ្ហា​ជា​​អទិភាព​​ដែល​​បាន​​កំណត់។

ជា​លទ្ធ​ផល​អង្គ​ប្រជុំ​បាន​កត់ត្រា និង​ពិភាក្សា​លើ​របាយ​ការណ៍​ស្តី​ពី ការ​កំណត់​បញ្ហា​ជល​ផល​ក្នុង​កំរិត​​ថ្នាក់​​ជាតិ​របស់​ប្រទេស​ទាំង​ពីរ​។ ​អង្គ​ប្រជុំ​បាន​ឯក​ភាព​យក​បញ្ហា​ចំនួន​១៩ សម្រាប់​រៀប​ចំ​របាយ​ការណ៍​រួម (Join Issue Paper) ក្នុង​នោះ​មាន​បញ្ហា​ពាក់​ព័ន្ធ​ការ​អនុវត្ត​ច្បាប់ និង​ការ​ប៉ះ​ពាល់​ពី​ការ​អភិវឌ្ឍ គ្រោះ​​ធម្ម​​ជាតិ​ និង​​បរិស្ថាន។ ម្យ៉ាង​ទៀត អង្គ​ប្រជុំ​​ក៏​​បាន​​ឯក​ភាព​យក​ប្រភេទ​ត្រី ចំនួន​៨ ប្រភេទ ​ដែល​​មាន​​ការ​​ផ្លាស់​ទី​​ឆ្ងាយ និង​មាន​​តម្លៃ​​សេដ្ឋកិច្ច។  ការ​​ពង្រឹង​​សមត្ថ​ភាព​​យល់​ដឹង​តាម​ការ​ផ្លាស់​ប្តូរ និង​ទទួល​ទិន្នន័យ និង​​ព័ត៌​មាន​​ជល​ផល ក៏​​លើ​​ក​យក​មក​សម្រាប់​ដាក់​ក្នុង​ផែន​ការ​រួម​ដែរ៕

Hits: 1453