កិច្ចប្រជុំលើកទី៧ នៃកម្មវិធីនិរន្តរភាពវារីអគ្គិសនី របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥)
(MRC-ISH)
ភ្នំពេញ៖ កិច្ចប្រជុំលើកទី៧ នៃកម្មវិធីនិរន្តរភាពវារីអគ្គិសនី របស់គណៈកម្មការទន្លេមេគង្គ បានប្រព្រឹត្តទៅនៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដឹកនាំដោយ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក សូ សុភ័ទ្ទ តំណាងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាផ្តល់យោបល់នៃប្រទេសជាសមាជិកមេគង្គ ដៃគូអភិវឌ្ឍន៍ និងក្រុមការងារលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣២រូប។ ដោយឡែក សមាសភាពចូលរួមពីកម្ពុជារួមមាន ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោកបណ្ឌិត ប៊ុន ណារិទ្ធ អគ្គនាយករង ក្រសួងរ៉ែ និងថាមពល លោក ថេង ម៉ារិទ្ធ ប្រធាននាយកដ្ឋានបញ្ញត្តិកម្ម អាជ្ញាធរអគ្គិសនីកម្ពុជា លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ទេស សុផារិទ្ធ ជំនាញការជាតិ និងកញ្ញា គង់ ឡាមៀលពិសី ជំនួញការកម្មវិធីនិរន្តរភាពវារីអគ្គិសនី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ឯកឧត្តមប្រធានអង្គប្រជុំបានមានប្រសាសន៍ថា កម្មវិធីនិរន្តរភាពវារីអគ្គិសនី បាននឹងកំពុងអនុវត្តដោយអនុលោមតាមផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៣-២០១៥ របស់គណៈកម្មការទន្លេមេគង្គ ក្នុងក្របខ័ណ្ឌការងារ (១) ការលើកកម្ពស់ការយល់ដឹង កិច្ចសន្ទនា និងការប្រាស្រ័យទាក់ទង (២) ការកសាងសមត្ថភាព និងគាំទ្រមូលដ្ឋានចំណេះដឹង (៣) ការគាំទ្រលើការកសាងផែនការថ្នាក់តំបន់ និង (៤) ការផ្តល់ហិរញ្ញប្បទាន និងការវាយតម្លៃនិរន្តរភាព ដោយអនុវត្តគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ សំដៅជម្រុញដល់ការគ្រប់គ្រង និងការអភិវឌ្ឍវារីអគ្គិសនីក្នុងអាងទន្លេមេគង្គ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងមាននិរន្តរភាព។
អង្គប្រជុំបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារ នៃការអនុវត្តផែនការការងារ ឆ្នាំ២០១៤ និងបានឯកភាពជាគោលការណ៍លើផែនការការងារឆ្នាំ២០១៥ របស់កម្មវិធីនិរន្តរភាពវារីអគ្គិសនី ព្រមទាំងបានគិតគូរអំពីការងារអាទិភាពជាយុទ្ធសាស្ត្រ របស់កម្មវិធីនៅឆ្នាំ២០១៥ និងបានគិតគូរអំពីបញ្ហាចំពោះមុខ ដែលរួមចំណែកដល់ការសិក្សារបស់ក្រុមប្រឹក្សា នៃគណៈកម្មការទន្លេមេគង្គ។ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើការងារចម្បងៗរួមមាន (១) អាងទន្លេដែលមានបញ្ហាអេកូឡូស៊ី និងការកសាងផែនការវារីអគ្គិសនី (២) ការវាយតម្លៃគម្រោងវារីអគ្គិសនីជាពហុបំណង (៣) របាយការណ៍ស្តីពី ព័ត៌មានគោលផ្នែកសេដ្ឋកិច្ច-សង្គម និងបរិស្ថាន សម្រាប់ផែនការវារីអគ្គិសនី (៤) ឧបករណ៍វាយតម្លៃផលប៉ះពាល់ និងគោលការណ៍ណែនាំអំពីគ្រោងប្លង់គម្រោង (៥) ការចែករំលែកផលប្រយោជន៍ និង (៦) ការគិតគូរអំពីការបង្កើតគោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងហានិភ័យ និងកាត់បន្ថយផលប៉ះពាល់ពីវារីអគ្គិសនីក្នុងអាងទន្លេមេគង្គភាគខាងក្រោម។
សម្រាប់ទិសដៅការងារ អង្គប្រជុំក៏បានណែនាំឱ្យមានការរៀបចំការងារវារីអគ្គិសនីឱ្យមាននិរន្តរភាព សម្រាប់អនុវត្តនៅក្រោយឆ្នាំ២០១៥ ដោយត្រូវផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធសាស្ត្រ២០១៦-២០២០ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេឆ្នាំ២០១៦-២០២០ របស់គណៈកម្មការទន្លេមេគង្គ និងបានត្រៀមដោះស្រាយបញ្ហាសំខាន់ៗ ដែលអាចនឹងកើតមានឡើងរហូតដល់ឆ្នាំ២០២០។
កិច្ចប្រជុំលើកទី៨ នឹងត្រូវប្រព្រឹត្តទៅតាមពេលវេលា និងទីកន្លែងតាមការឯកភាពពីប្រទេសជាសមាជិក និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ៕
Hits: 11586