សិក្ខាសាលាថ្នាក់ជាតិស្តីពី ឧបករណ៍វាយតម្លៃដោយរហ័ស (RSAT) នៃនិរន្តរភាពវារីអគ្គិសនី (ថ្ងៃទី ២៧-៣១ ខែកក្កដា ឆ្នាំ២០១៥)
(CNMC-ISH)
ពោធិ៍សាត់៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី ឧបករណ៍វាយតម្លៃដោយរហ័សនៃនិរន្តរភាពវារីអគ្គិសនី របស់គណៈកម្មការទន្លេមេគង្គ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីមកពីក្រសួង-ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល មន្ទីរជំនាញពាក់ព័ន្ធ និងសហគមន៍ក្នុងខេត្តពោធិ៍សាត់ មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣០រូប ក្រោមការដឹកនាំរបស់ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទនេ្លមេគង្គកម្ពុជា និងឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈកម្មាធិការជាតិទនេ្លមេគង្គកម្ពុជា។
គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះគឺ៖ ទី1- ធ្វើការពិភាក្សា និងវាយតម្លៃលើនិរន្តរភាពនៃវារីអគ្គិសនី ក្នុងអាងស្ទឹងពោធិ៍សាត់ ដោយប្រើប្រធានបទ RSAT ដែលបានជ្រើសរើស ទី2- កំណត់បញ្ហាជាអាទិភាព និងសកម្មភាពក្នុងអាងដែលអាចអនុវត្តន៍ ដើម្បីបង្កើននូវនិរន្តរភាព ទី3- កំណត់តម្រូវការកសាងសមត្ថភាព និងបណ្តុះបណ្តាលសម្រាប់អ្នកពាក់ព័ន្ធសំខាន់ៗក្នុងអាងស្ទឹងពោធិ៍សាត់ និងទី4- ប្រមូលមតិ យោបល់ និងវាយតម្លៃលើឧបករណ៍ RSAT និងការអនុវត្តន៍របស់វា ក្នុងវិស័យវារីអគ្គិសនីក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនៃសិក្ខាសាលារយៈពេល ៥ថ្ងៃនេះ នៅថ្ងៃទី២៨ ខែកក្កដា សិក្ខាកាមទាំងអស់នឹងទៅទស្សនកិច្ចសិក្សា ពិនិត្យមើលទិដ្ឋភាពរូបសាស្ត្រនៃទំនប់អាងស្ទឹងពោធិ៍សាត់ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃបរិស្ថាន សង្គម របបជលសាស្ត្រ ប្រព័ន្ធស្រោចស្រព និងលទ្ធភាពផលិតវារីអគ្គិសនីខ្នាតតូចនៅស្ទឹងពោធិ៍សាត់នេះផងដែរ៕
Hits: 6015