ដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់គម្រោងវារីអគ្គិសនីស្រែពកលើ នៅវៀតណាម និងទៅកាន់ស្រែពកក្រោម និងសេសានក្រោម នៅកម្ពុជា (ថ្ងៃទី ១១-១៨ ខែវិច្ឆិកា ឆ្នាំ២០១៤)
(MRC-ISH)
ស្ទឹងត្រែង៖ តាមរយៈការងារកម្មវិធីនិរន្តរភាពវារីអគ្គិសនី គណៈប្រតិភូគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៨រូប បានធ្វើដំណើរទស្សនកិច្ចសិក្សារួមគ្នា ទៅកាន់តំបន់គម្រោងវារីអគ្គិសនីស្រែពកលើ នៅវៀតណាម និងទៅកាន់ស្រែពកក្រោម និងសេសានក្រោម នៅកម្ពុជា។ ដោយឡែក សមាសភាពចូលរួមពីកម្ពុជាមាន ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គជទមក លោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រសួងបរិស្ថាន លោក ហ៊ាន វាសនា ប្រធានការិយាល័យ នៃនាយកដ្ឋានវារីអគ្គិសនី ក្រសួងរ៉ែ និងថាមពល លោក ទេស សុផារិទ្ធ ជំនាញការជាតិ ISH 01 និងលោក សុខ ប៊ុនហេង ជំនាញការជាតិ ISH 02។
គោលបំណងនៃដំណើរទស្សនកិច្ចសិក្សាគឺដើម្បី (១) ស្វែងយល់អំពីស្ថានភាពជាក់ស្តែងមានជាព័ត៌មាន និងបទពិសោធន៍សម្រាប់ដំណើរការវាយតម្លៃផលប្រយោជន៍ និងការខូចខាតពីការអភិវឌ្ឍវារីអគ្គិសនីលើបរិស្ថាន និងសេដ្ឋកិច្ច-សង្គម និង (២) រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ ដោយផ្អែកលើស្ថានភាពជាក់ស្តែង សម្រាប់សកម្មភាព ISH 01 ”កំណត់តំបន់ដែលមានបញ្ហាអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវារីអគ្គិសនីប្រកបដោយនិរន្តរភាពលើដៃទន្លេ” និង ISH 02 “ការបង្កើតគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃគម្រោងវារីអគ្គិសនី” សម្រាប់គម្រោងសិក្សាសាកល្បងនៅលើដៃទន្លេមេគង្គ។
ក្នុងការអភិវឌ្ឍគម្រោងទំនប់វារីអគ្គិសនីកន្លងមក គណៈប្រតិភូមេគង្គបានសង្កេតឃើញថា ពុំទាន់បានគិតគួរអំពីការចូលរួមពីភាគីពាក់ព័ន្ធឱ្យបានពេញលេញអំពីផលប៉ះពាល់ផ្នែកសេដ្ខកិច្ច សង្គម និងបរិស្ថាននៅឡើយ និងការសិក្សាពីផលប៉ះពាល់នៅពុំទាន់បានគ្រប់ជ្រុងជ្រោយ ដោយសារគម្រោងទាំងនោះពុំបានគិតគូរលើផលប៉ះពាល់ឆ្លងដែននៅតំបន់ភាគខាងក្រោមទំនប់ ក្នុងនោះពុំឃើញមានយន្តការពិនិត្យ តាមដានអំពីប្រតិបត្តិការទំនប់ និងការគិតគូរអំពីលំហូរបរិស្ថានទៅតំបន់ភាគខាងក្រោម ការស្តារកំណកកករក្នុងអាងស្តុកទឹក គុណភាពទឹក ផ្លូវចរាចរត្រី និងពុំទាន់មានការបញ្ជាក់ឱ្យបានច្បាស់លាស់ និងផ្សព្វផ្សាយឱ្យបានដល់ភាគីពាក់ព័ន្ធសំខាន់ៗ។ សហគមន៍ដែលរស់នៅតាមដងទន្លេស្រែពកភាគខាងក្រោម ក្នុងទឹកដីកម្ពុជា បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយបានឃើញដំណើរទស្សនកិច្ចសិក្សារបស់ក្រុមប្រតិភូគណៈកម្មការទន្លេមេគង្គ និងបានសំដែងនូវក្តីបារម្ភចំពោះផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការឡើងចុះកម្រិតកំពស់ទឹកពុំទៀងទាត់ ខុសប្រក្រតី ចាប់តាំងពីមានការសាងសង់ទំនប់វារីអគ្គិសនី ដែលបណ្តាលឱ្យមានការបាត់បង់ធនធានជលផល និងដីស្រែចំការដែលធ្លាប់មានពីមុនមក និងពុំមានប្រព័ន្ធជូនដំណឹងអំពីការបង្ហូរទឹកពីទំនប់នៅភាគខាងលើ។
គោលការណ៍ណែនាំ ស្តីពីការកំណត់តំបន់ដែលមានបញ្ហាអេកូឡូស៊ី សម្រាប់ការអភិវឌ្ឍវារីអគ្គិសនីប្រកបដោយនិរន្តរភាពលើដៃទន្លេ និងការបង្កើតគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃគម្រោងវារីអគ្គិសនី របស់គណៈកម្មការទន្លេមេគង្គ អាចនឹងជួយដោះស្រាយបញ្ហាខាងលើ ហើយតាមរយៈដំណើរទស្សនកិច្ចសិក្សានេះ នឹងផ្តល់ជាមូលដ្ឋានក្នុងការបំពេញចន្លោះប្រហោងផ្នែកទិន្នន័យ ក្នុងការគិតគូរសម្រាប់ការរៀបចំគោលការណ៍ណែនាំ សម្រាប់គម្រោងដែលបានសាងសង់រួច និងគម្រោងស្ថិតក្នុងផែនការ ដែលត្រូវដាក់ឆ្លងការពិនិត្យ និងផ្តល់យោបល់នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ដែលគ្រោងធ្វើនៅអំឡុងខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ៕
Hits: 4148