កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ឧបករណ៏វាយតម្លៃដោយរហ័ស នៃនិរន្តរភាពវារីអគ្គិសនី ក្នុងបរិបទឆ្លងដែនរវាងកម្ពុជា និងវៀតណាម (RSAT-TB) (ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួម ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ឧបករណ៍វាយតម្លៃដោយរហ័ស នៃនិរន្តរភាពវារីអគ្គិសនី ក្នុងបរិបទឆ្លងដែនរវាងកម្ពុជា និងវៀតណាម (RSAT-TB) ដោយមានមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ សរុបចំនួន ២៧រូប។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ទី១- បង្ហាញជូនមន្ត្រីចូលរួមបានយល់ដឹងពីប្រធានបទ គោលការណ៍ នីតិវិធី និងវិធីសាស្ត្រប្រើប្រាស់ ឧបករណ៍ RSAT ទី២- ពិភាក្សាពីទិន្នន័យដែលជាធាតុចូលដ៏សំខាន់ទាក់ទងនឹងប្រធានបទ RSAT សម្រាប់ធ្វើការវាយតម្លៃរួមជាមួយភាគីវៀតណាម លើអាងទន្លេក្នុងបរិបទឆ្លងដែន ក្នុងភូមិសាស្ត្រទន្លេស្រែពក និងទី៣- ពិភាក្សា និងប្រមូលយកអនុសាសន៍ដែលទទួលបានក្នុងកិច្ចប្រជុំនេះ សម្រាប់យកទៅពិភាក្សារួមគ្នាក្នុងកិច្ចប្រជុំខាងមុខ ជាមួយភាគីវៀតណាម អំពីបញ្ហាដែលនឹងធ្វើការវាយតម្លៃរួមគ្នា តាមរយៈឧបករណ៍ RSAT នៅក្នុងអាងទន្លេស្រែពក៕
Hits: 2918