Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ លើ​ប្រព័ន្ធ​អេកូ​ឡូស៊ី​ក្នុង​អាង​ទន្លេ​មេគង្គ​​ក្រោម (​ថ្ងៃទី០៥ ខែ​មីនា ឆ្នាំ​២០១៥)

(CNMC-CCAI)

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​​យោបល់​​ថ្នាក់​​ជាតិ​ស្តី​ពី​ ការ​​វាយ​តម្លៃ​ផល​​ប៉ះ​​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ លើ​​ប្រព័ន្ធ​​អេកូ​ឡូស៊ី​​ ក្នុង​អាង​ទន្លេ​​មេគង្គ​​ក្រោម នៅ​​សណ្ឋា​គារ​​​អង្គរប៉ារ៉ាឌី ខេត្ត​សៀម​រាប។ សមាជិក​ចូល​រួម​​សរុប​​ចំនួន ៣១រូប ជា​​មន្រ្តី​​បច្ចេក​ទេស​មក​ពី​បណ្តា​​ក្រសួង ស្ថាប័ន​ជា​​សមាជិក​​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា គ្រឹះ​ស្ថាន​អប់រំ និង​​សិក្សា​ស្រាវ​ជ្រាវ​សាធារណៈ និង​​មន្រ្តី​សម្រប​សម្រួល​ថ្នាក់​ជាតិ នៃ​បណ្តា​កម្ម​វិធី​​ពាក់​ព័ន្ធ របស់​​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លេខា​​ធិការ​ដ្ឋាន​​​គណៈ​កម្មការ​ទន្លេ​មេគង្គ។

​ក្នុងនាម​ឯកឧត្តម លឹម គានហោ រដ្ឋ​​មន្រ្តី​​​ក្រសួង​​ធន​ធាន​ទឹក ​និង​ឧតុនិយម និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​​អញ្ជើញ​​ចូល​​រួម​​ជា​កិត្តិ​យស​ក្នុង​ការ​​បើក និង​ដឹក​នាំ​កិច្ច​ពិគ្រោះ​យោបល់​នេះ។​ ឯក​ឧត្តម​​បាន​​បញ្ជាក់​​ថា៖ គោល​បំណង​នៃ​កិច្ច​ប្រជុំ​​ថ្ងៃ​នេះ​គឺ ​បង្ហាញ ពិភាក្សា ប្រមូល​​មតិ និង​ឯក​ភាព​គ្នា ត្រឹម​កម្រឹត​ជាតិ​នូវ​​វិសាល​ភាព​​ការ​​វាយ​តម្លៃ​ផល​ប៉ះ​ពាល់ នៃ​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ​ លើ​ប្រព័ន្ធ​​អេកូឡូស៊ី​ក្នុង​អាង​ទន្លេ​មេគង្គ និង​ធ្វើ​ការ​កំណត់​រួម​គ្នា​​នូវ​​សុច្ចនាករ និង​​ប្រភេទ​សំខាន់ៗ សម្រាប់​អនុវត្ត​កិច្ច​ការ​វាយ​តម្លៃ​នេះ។

សិក្ខាសាលា​ទទួល​បាន​លទ្ធ​ផល​ដូច​តទៅ៖

  • បានយល់​ដឹង​ជា​រួម និង​បាន​ឯក​ភាព​ទៅ​លើ​វិសាល​ភាព​​ សម្រាប់​ធ្វើ​ការ​​វាយ​តម្លៃ​​​ផល​​ប៉ះ​​ពាល់ នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ លើ​ប្រព័ន្ធ​អេកូឡូស៊ី​​ក្នុង​អាង​ទន្លេ​​មេគង្គ
  • បានយល់​ដឹង​ជា​រួម និង​បាន​ឯក​ភាព​ទៅ​លើ​សុច្ចនាករ និង​ប្រភេទ​សំខាន់ៗ​សម្រាប់​អនុវត្ត​ការ​វាយ​តម្លៃ​ខាង​លើ។

ការ​វាយ​តម្លៃ​​ផល​ប៉ះ​​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ លើ​ប្រព័ន្ធ​អេកូឡូស៊ី​​ក្នុង​អាង​​ទន្លេ​​មេគង្គ គឺ​ជា​សមាស​ភាគ​មួយ​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​សមាស​ភាគ​ជា​ច្រើន​​ទៀត នៃ​ការ​​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ លើ​ធន​ធាន​ទឹក និង​​ធន​ធាន​ផ្សេងៗ​​ទៀត​​ដែល​ពាក់​ព័ន្ធ​នឹង​ទឹក ក្នុង​អាង​ទន្លេ​មេគង្គ។ កិច្ច​ប្រជុំ​ពិគ្រោះ​​យោបល់​ថ្នាក់​ជាតិ​​បែប​​នេះ​ ក៏​នឹង​ត្រូវ​ធ្វើ​ផង​ដែរ​សម្រាប់​ប្រទេស​ជា​សមាជិក​បី​ទៀត​គឺ៖ ឡាវ ថៃ និង​វៀតណាម​ ហើយ​​បន្ទាប់​ពី​កិច្ច​ប្រជុំ​ថ្នាក់​ជាតិ​ក្នុង​ប្រទេស​ជា​សមាជិក​ទាំង​បួន​នេះ​រួច លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ទាំង​នេះ​នឹង​ត្រូវ​​ប្រមូល​ផ្តុំ​យក​ទៅ​ពិភាក្សាក្នុង​កិច្ច​ប្រជុំ​​ពិគ្រោះ​យោបល់​​ថ្នាក់​តំបន់ ក្នុង​ចំណោម​ប្រទេស​​ជា​​សមា​ជិក​ទាំង​បួន នា​ពេល​ខាង​មុខ​ដ៏​ខ្លី៕

Hits: 4641