Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោ​បល់​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ឯក​សារ​គម្រោង​ផែន​ការ​មេ សម្រាប់​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥)

(CNMC-NAP)

រាជធានីភ្នំពេញ៖ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​ពិគ្រោះ​យោ​បល់​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ឯក​សារ គម្រោង​ផែន​ការ​មេ ដឹក​ជញ្ជូន​ផ្លូវ​ទឹក ក្នុង​អាង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ មន្ត្រី​អគ្គ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​លេខា​ធិការ​ដ្ឋានគណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ៣៥រូប។

សិក្ខាសាលា​នេះ​មាន​គោល​បំណង៖ (១) បង្ហាញ និង​ពិភាក្សា​អំ​ពី សេចក្តី​ព្រាង​​ឯក​សារ​គម្រោង​ផែន​ការ​មេ ក្នុង​នោះ​មាន​ផែន​ការ​សកម្ម​ភាព​សម្រាប់​កម្ពុជា (២) ធ្វើ​ចំណាត់​ថ្នាក់​សកម្ម​ភាព​ជា​អាទិភាព និង (៣) ពិភាក្សា និង​បញ្ចប់​ផែន​ការ​សកម្ម​ភាព និង​ត្រៀម​អនុសាសន៍​សម្រាប់​សិក្ខា​សា​លា​ថ្នាក់​តំបន់។

សារៈសំខាន់​នៃ​ការ​រៀប​ចំ​ការ​អភិវឌ្ឍ​លើ​វិស័យ​នាវា​ចរណ៍​ នឹង​​ជួយ​សម្រួល​​ដល់​​ការ​មធ្យោ​​បាយ​ធ្វើ​​ដំណើរ​​ពាណិជ្ជ​កម្ម កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរ ការ​គ្រោះ​ថ្នាក់​ចរាចរ កាត់​បន្ថយ​​ការ​បំពុល​បរិស្ថាន និង​​ជា​មធ្យោ​បាយ​ក្នុង​ការ​ប្រើ​ប្រាស់​ផល​ពី​ធន​ធាន​ធម្ម​ជាតិ សេ​វា​កម្ម​​សង្គម និង​សេវា​​កម្ម​​ផ្នែក​​សុខ​ភាព ដែល​នឹង​មាន​​សារៈសំខាន់​ដល់​ការ​​វិនិ​យោគ​វិស័យ​​ដឹក​ជញ្ជូន​​ផ្លូវ​ទឹក ដើម្បី​បង្កើត​ការ​​រស់​នៅ​​ឱ្យ​កាន់​តែ​ប្រសើរ​​ជាង​មុន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ការ​​ទាក់​​ទាញ​​វិនិយោ​គិន និង​ឆ្លុះ​បញ្ចាំង​​អំ​ពី​សក្តា​នុពល​ពាណិជ្ជ​កម្ម​តំបន់។

តាមរយៈ​កម្ម​វិធី​នាវា​ចរណ៍ គណៈ​កម្មការ​ទន្លេ​​មេគង្គ​​បាន​និង​កំពុង​​​សិក្សា​គម្រោង​​ផែន​ការ​​មេ ​សម្រាប់​​ការ​ដឹក​​ជញ្ជូន​​ផ្លូវ​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ ចាប់​តាំង​ពី​ខែ​​មករា ឆ្នាំ​២០១៥ ក្នុង​គោល​បំណង រៀប​ចំ​​កម្ម​វិធី​អភិវឌ្ឍ​រយៈ​ពេល​វែង​​ដែល​នឹង​​ស្តារ និង​កែ​លំអ​​បណ្តាញ​ដឹក​​ជញ្ជូន​ជាតិ និង​​អន្តរ​ជាតិ​​តាម​ដង​ទន្លេ​មេគង្គ នៅ​តាម​បណ្តា​ប្រទេស​​ជា​​សមា​ជិក​មេគង្គ រហូត​បាន​ជា​សេចក្តី​ព្រាង​​របាយ​​ការណ៍ ដូច​ខាង​ក្រោម៖

  1. Inception Report
  2. Baseline Conditions Report
  3. Economic Assessment Report
  4. Waterway Design Report
  5. Fleet and Navigation Safety Report
  6. Port Development Report
  7. Socio-Environmental Report
  8. Legal Report
  9. Development Scenario Report
  10. Final Action and Investment Plan Report

អង្គសិក្ខា​សា​លា​បាន​ពិនិត្យ ពិភាក្សា និង​ផ្តល់​យោ​បល់​លើ​ទម្រង់ និង​ខ្លឹម​សារ​នៃ​បទ​បង្ហាញ​ និង​​របាយ​​ការណ៍​​​ខាង​លើ ព្រម​ទាំង​កំណត់​​សកម្ម​ភាព​​ជា​អាទិភាព​ សម្រាប់​ការ​អនុវត្ត​នៅ​ឆ្នាំ​ខាង​មុខ ដោយ​ក្រសួង-​ស្ថាប័ន។ សិក្ខា​សា​លា​ក៏​​បាន​​ស្នើ​ឱ្យ​ធ្វើ​​សុខ​ដុម​កម្ម​ជា​មួយ​ច្បាប់​ជាតិ​​ដែល​មាន​​ស្រាប់ ការ​គិត​គូរ​​អំ​ពី​​ការ​កសាង​​សមត្ថ​​ភាព​ និង​​វិស័យ​ពាក់ព័ន្ធ ដូច​ជា​ធន​ធាន​ទឹក បរិស្ថាន វារី​អគ្គិសនី កសិកម្ម គ្រោះ​មហន្តរាយ និង​​​​​គម្រោង​​ហេដ្ឋា​រចនា​​សម្ព័ន្ធ​​ជាតិ​ធំៗ ដើម្បី​​ធា​នា​បាន​​នូវ​​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរ​ភាព។ កិច្ច​សហ​​ប្រតិ​បត្តិ​​ការ​​ជា​មួយ​​​ប្រទេស​​ជិត​ខាង និង​​ក្នុង​​តំបន់​ក៏​ជា​​បញ្ហា​​គន្លឹះ​ដើម្បី​​ធ្វើ​ឱ្យ​មាន​ការ​​ផ្លាស់​ប្តូរ​ព័ត៌​មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដំណោះ​​ស្រាយ​​លើ​​ផល​​ប៉ះ​​ពាល់​ឆ្លង​ដែន និង​ការ​កសាង​ផែន​ការ​អភិវឌ្ឍន៍​រួម​គ្នា៕

Hits: 4040