Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ផែន​ការ បណ្តុះ​បណ្តាល​សម្រាប់​អនុវត្តន៍​កម្ម​វិធី​នាវាចរណ៍ (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤)

(CNMC-NAP)

សៀមរាប៖ គណៈកម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានរៀបចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ផែន​ការ​បណ្តុះ​បណ្តាល សម្រាប់​អនុវត្តន៍​កម្ម​វិធី​នាវាចរណ៍ នៅ​ទីរូម​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​សា​ធារ​ណការ និង​ដឹក​ជញ្ជូន ក្រសួង​​បរិស្ថាន ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល គណៈ​កម្មា​ធិ​ការ​ជាតិ​​គ្រប់​គ្រង​គ្រោះមហន្តរាយ សា​លា​ក្រុង​ភ្នំពេញ ក្រុម​ហ៊ុន​ប្រេង អគ្គ​លេខា​ធិការ​ដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមការងារ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២៨រូប។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការដឹកនាំពីឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូនថា ការរៀបចំផែនការបណ្តុះបណ្តាលឱ្យបានច្បាស់លាស់ ជាផ្នែកមួយនៃកម្មវិធី នាវាចរណ៍ របស់គណៈកម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៣-២០១៥ ដើម្បីអនុវត្តន៍លទ្ធផលសម្រេចទាំងនោះឱ្យបានជោគជ័យ ហើយដែលប្រទេសជាសមាជិកមេគង្គបានយល់ថា ជាការចាំបាច់ ដើម្បីពិនិត្យពិភាក្សា​លំអិត​លើ​តម្រូវការជាក់ស្តែង របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តមបានបន្តថា នេះជា​លើក​ទី១​ហើយ​ដែលយើងបានធ្វើការពិនិត្យរួមគ្នា លើសេចក្តីព្រាងផែនការបណ្តុះបណ្តាល​សម្រាប់កម្ពុជា។

តាមរយៈកិច្ចប្រជុំនាថ្ងៃនេះ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បានយល់ដឹងអំពីតម្រូវការរបស់ប្រទេសជាសមាជិក ទាក់ទងនឹងផែនការបណ្តុះបណ្តាលសម្រាប់អនុវត្តន៍កម្មវិធីនាវាចរណ៍ ព្រមទាំងបានពិនិត្យផ្តល់យោបល់លើតម្រូវការ វាយតម្លៃ តម្រូវការបណ្តុះបណ្តាល និងផែនការបណ្តុះបណ្តាល ដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ក្រសួង- ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។

កិច្ចប្រជុំតម្រូវឱ្យជំនាញការអន្តរជាតិ ធ្វើការកែលំអសេចក្តីព្រាងផែនការបណ្តុះបណ្តាល សម្រាប់អនុវត្តន៍សកម្មភាព កម្មវិធីនាវាចរណ៍នាឆ្នាំខាងមុខ និងសំណូមពរឱ្យក្រុម​ការ​ងារ​កម្ម​វិធីនាវាចរណ៍ រៀបចំរបាយការណ៍សម្រាប់វាយតម្លៃ តម្រូវការបណ្តុះបណ្តាលសម្រាប់កម្ពុជា។

កិច្ចប្រជុំបានឯកភាពជាគោលការណ៍ លើសេចក្តីព្រាងផែនការបណ្តុះបណ្តាល បើទោះជា​វីធី​សាស្ត្រ​របស់​ក្រុមការងារ នាវាចរណ៍ថ្នាក់តំបន់ ក្នុងការវាយតម្លៃតម្រូវការបណ្តុះបណ្តាល ក្នុងការអនុវត្តកម្មវិធីនាវាចរណ៍នៅកម្ពុជា បានទទួល ការរិះគន់ថា មានការខុសឆ្គងក៏ដោយ។

សេចក្តីព្រាងផែនការបណ្តុះបណ្តាលថ្នាក់ជាតិនេះនឹងត្រូវបានរៀបចំឡើង និងឆ្លងការពិនិត្យផ្តល់យោបល់ពីកិច្ចប្រជុំ លើកទី២ របស់គណៈកម្មាធិការប្រឹក្សាផ្តល់យោបល់ផ្នែកនាវាចរណ៍​ នាពេលខាងមុខ៕

Hits: 878