Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​​ស្តី​ពី​ ការ​រៀប​ចំ​ផែន​ការ​បណ្តុះបណ្តាល​ សម្រាប់​កម្មវិធី​នាវាចរណ៍​ នៃ​គណៈកម្មការ​ទន្លេមេគង្គ​ (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤)

(MRC-NP)

ភ្នំពេញ៖ កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្តីពី ការ​កសាង​ផែន​ការ​បណ្តុះ​បណ្តាល សម្រាប់​កម្មវិធីនាវាចរណ៍ នៃគណៈកម្មការទន្លេមេគង្គ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយមានតំណាងពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថ ក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងក្រុមហ៊ុនប្រេង សរុបចំនួន ២៥រូប ក្រោមអធិបតីភាពឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូនអង្គប្រជុំថា តាមរយៈកិច្ចប្រជុំនេះ អ្នកចូលរួមមានក្នុងការពិគ្រោះយោបល់ និងលើកពីតម្រូវការបណ្តុះបណ្តាលជាក់ស្តែងនៅតាមក្រសួងស្ថាប័ន អង្គភាព ឬក្រុមហ៊ុនរបស់ខ្លួន។ តាមរយៈកិច្ចប្រជុំរយៈពេល ០១ថ្ងៃនេះ អ្នកចូលរួមបានបានស្វែងយល់វិធីសាស្ត្រសម្រាប់តម្រូវការបណ្តុះបណ្តាល និងពិនិត្យពិភាក្សាលើសកម្មភាព ជាអាទិភាពសម្រាប់រៀបចំផែនការបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីនាវាចរណ៍ ក្នុងនោះ យល់ដឹងអំពីទំនាក់ទំនងការងារទាក់ទងនឹងសកម្មភាពការងារដែលមានក្នុងផែនការ អនុវត្តកម្មវិធីនាវាចរណ៍២០១៣-២០១៥ របស់គណៈកម្មការទន្លេមេគង្គ និងយល់ដឹងអំពីការចូលរួមក្នុងដំណើរការអនុវត្តកម្មវិធីនាវាចរណ៍ ដែលជាផ្នែកមួយនៃការកិច្ចសហការក្នុងការអនុវត្តកម្មវិធីនាវាចរណ៍នាពេលអនាគត តាមរយៈការរៀបចំផែនការបណ្តុះបណ្តាលនៅថ្នាក់ជាតិ ក្រោមកិច្ចសម្រប សម្រួលរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនួយបច្ចេកទេសពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។ ជារួម អង្គប្រជុំបានស្នើឲ្យអ្នកចូលរួមជួយបំពេញជាបញ្ជីសំណួរសម្រាប់តម្រូវការបណ្តុះ បណ្តាលសម្រាប់អនុវត្តកម្មវិធីនាវាចរណ៍ ដោយស្រប តាមតម្រូវការជាក់ស្តែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងបញ្ជូនទៅមន្ត្រីសម្របសម្រួលកម្មវិធីថ្នាក់ជាតិ ក្នុងរយៈពេល០១សប្តាហ៍ខាងមុខ។ នេះជាឯកសារសម្រាប់ការរៀបចំសេចក្តីព្រាងផែនការបណ្តុះបណ្តាល ដែលសម្រួលដល់ការអនុវត្តកម្មវិធីនាវាចរណ៍ប្រកបដោយជោគជ័យ និងជាការជម្រុញឲ្យមានសហការ ចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជន វិទ្យាស្ថានបណ្តុះបណ្តាល និងអ្នកពាក់ព័ន្ធផ្សេងទៀត។ អង្គប្រជុំបានសម្រេចឲ្យអ្នកចូលរួមសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធនៅតាមក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់ខ្លួន និងបញ្ជូនបញ្ជីសំណួរ ដែលបានបំពេញរួចបន្ថែមទៀត ឲ្យបានមុនថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ បានឯកភាពលើពេលវេលាសម្រាប់សកម្មភាពបន្ត និងពេលវេលាសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែតុលា ឆ្នាំ២០១៤។

Hits: 3249