Developed by Khmer Focus

សិក្ខា​សា​លា​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តី​ពី ការ​ងារ​ពិនិត្យ តាម​ដាន​ធារ​ទឹក និង​​កំរិត​កករ​លើ​ទន្លេ​មេគង្គ​មេ (ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៥)

(MRC-IKMP)

វៀងច័ន្ទ៖ សិក្ខា​សា​លា​​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្ដី​ពី ការ​ងារ​ពិនិត្យ តាម​ដាន​​ធារ​ទឹក និង​កំរិត​កករ លើ​ទន្លេ​មេគង្គ​​មេ បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឡាវ ក្រោម​​ការ​​ដឹក​នាំ​​របស់​តំណាង​លេខា​ធិការ​ដ្ឋាន ​គណៈ​កម្មការ​ទន្លេ​​មេគង្គ និង​ដោយ​មាន​​ការ​ចូល​រួម​ពី​​មន្ត្រី​តំណាង​​​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​​នៃ​​ប្រទេស​​​ជា​​សមាជិក និង​ក្រុម​ការ​ងារ​​លេខា​ធិការ​ដ្ឋាន​​គណៈ​​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ១៩រូប។ ដោយ​ឡែក សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​ រួម​មាន លោក យិន សាវុធ ប្រធាន​នាយក​​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក ឈាង ហុង ប្រធាន​​នាយក​ដ្ឋាន​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះ​ដឹង គ.ជ.ទ.ម.ក លោក គឺ ខេមលីន មន្ត្រី​សម្រប​​សម្រួល​​កម្ម​វិធី​​គ្រប់​​គ្រង​ព័ត៌មាន និង​ចំណេះ​ដឹង នៃ​នាយក​ដ្ឋាន​​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះ​ដឹង គ.ជ.ទ.ម.ក លោក ឃុន ធឿន អនុប្រធាន​​ការិយា​ល័យ​​ការ​ងារ​​ជល​​សាស្ត្រ នៃ​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​​ការ​ងារ​​ទន្លេ នៃ​ក្រសួង​​ធន​ធាន​ទឹក និង​ឧតុនិយម។

សិក្ខា​សា​លា​​មាន​​គោល​បំណង​កែ​លំអ​ការ​អនុវត្ត​​ប្រព័ន្ធ​​​ពិនិត្យ តាម​ដាន​​ធារ​ទឹក និង​កំរិត​កករ តាម​ទន្លេ​មេគង្គ​មេ។​

សិក្ខា​សា​លា​បាន​យល់​ដឹង​អំពី​វិធី​សាស្ត្រ និង​ឧបករណ៍​ដែល​ប្រើ​ប្រាស់​សម្រាប់​វាស់​​ធារ​ទឹក និង​កំរិត​កករ​​ទាំង​១៧ ស្ថានីយ៍ តាម​​ដង​ទន្លេ​មេគង្គ​មេ ក្នុង​ចន្លោះ​ឆ្នាំ២០១៤ ដល់ ២០១៥ ដោយ​មាន​ការ​ពិនិត្យ​​គុណ​ភាព​​ទិន្នន័យ ព្រម​ទាំង​ចាត់​ទុក​ដំណើរ​ការ​​ធ្វើ​​វិមជ្ឈការ​បែប​ប្រញាប់​ប្រញាល់​ថា ជា​ការ​ប្រឈម​ក្នុង​​ការ​ងារ​​នេះ ដោយ​​សារ​​សមត្ថ​​ភាព​ជំនាញ​បុគ្គលិក និង​ធន​ធាន​នៃ​​ប្រទេស​​ជា​​សមាជិក​​នៅ​មាន​កម្រិត​នៅ​ឡើយ។

សិក្ខា​សា​លា​បាន​ឯក​ភាព​ជា​គោល​ការណ៍ លើ​វិធី​សាស្ត្រ​ដែល​ត្រូវ​ធ្វើ​ការ​កែ​លំអ​​បន្ថែម ដើម្បី​ពិនិត្យ តាម​ដាន​​ការ​​​ងារ​​នេះ ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នៅ​តំណាក់​កាល​ចុង​​ក្រោយ ក្នុងឆ្នាំ២០១៥ ព្រម​ទាំង​ស្នើ​ឱ្យ​មាន​​ការ​ចុះ​​ពិនិត្យ​​​ផ្ទៀង​​ផ្ទាត់ អំ​ពី​ការ​ប្រើ​ប្រាស់​​វិធី​សាស្ត្រ​តាម​ប្រទេស ការ​ពិនិត្យ តាម​ដាន​លើ​ដៃ​ទន្លេ​សំខាន់ៗ​ និង​បន្ត​ការ​​កសាង​​សមត្ថ​ភាព​ជំនាញ​ដល់​​មន្ត្រី​​បុគ្គលិក​ដែល​កំពុង​អនុវត្ត​ការ​ងារ​នេះ៕

Hits: 1751