សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី បណ្តុំចំណេះដឹងសម្រាប់ការគ្រប់គ្រងធនធានទឹកឆ្លងដែន របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥)
(MRC-IKMP)
វៀងច័ន្ទ៖ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី បណ្តុំចំណេះដឹងសម្រាប់ការគ្រប់គ្រង ធនធានទឹកឆ្លងដែន របស់គណៈកម្មការទន្លេមេគង្គ បានប្រព្រឹត្តទៅនៅប្រទេសឡាវ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសជាសមាជិក និងបុគ្គលិកលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៩រូប។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជារួមមានលោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គ.ជ.ទ.ម.ក លោក គឺ ខេមលីន មន្ត្រីសម្របសម្រួលកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គ.ជ.ទ.ម.ក និងលោក តុង សេង ប្រធានការិយាល័យស្រាវជ្រាវ និងព្យាករណ៍ទឹកជំនន់ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម។
គោលបំណងនៃសិក្ខាសាលាគឺ ត្រូវផ្តល់ផលប្រយោជន៍ដល់ប្រទេសជាសមាជិកមេគង្គ ក្នុងការទទួលបានបទពិសោធន៍ និងជំនាញដ៏ទូលំទូលាយទាក់ទងនឹងការគ្រប់គ្រងធនធានទឹកឆ្លងដែនពីពិភពលោក ដោយមានការគាំទ្រពីសកម្មភាព ការកសាងសមត្ថភាព របស់គណៈកម្មការទន្លេមេគង្គ និងអាចប្រើប្រាស់បទពិសោធន៍ និងមេរៀនពីមេគង្គជាមួយដៃគូពីខាងក្រៅ។
សិក្ខាសាលាបានយល់ដឹងអំពីទស្សនទាននៃបណ្ដុំចំណេះដឹង (knowledge Hub) ដែលត្រូវបង្កើតតាមការសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរួម MRC កាលពីខែមីនា ឆ្នាំ២០១០ ដោយមានបីផ្នែកចម្បងៗគឺ៖ ១. MRC Homepage ២. MRC Information System និង ៣. Document and Learning Centre។
សិក្ខាសាលាបានឯកភាពជាគោលការណ៍ លើការបង្កើតបណ្ដុំចំណេះដឹងស្តីពី ការគ្រប់គ្រងធនធានទឹកឆ្លងដែន ដែលការងារនេះនឹងត្រូវអនុវត្តជាពីរដំណាក់កាលគឺ តំណាក់កាលទី១៖ បង្កើត និងរៀបចំប្រព័ន្ធដំណើរការក្នុងឆ្នាំ២០១៥ និងដំណាក់កាលទី២៖ កិច្ចសហប្រតិបត្តិការមេគង្គ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ កសាងសមត្ថភាព និងចំណេះដឹងជាមួយអ្នកពាក់ព័ន្ធ ក្រោយឆ្នាំ២០១៥។
បណ្ដុំចំណេះដឹងនេះរំពឹងថា ពុំគ្រាន់តែនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេសជាសមាជិកប៉ុណ្ណោះទេ ថែមទាំងមានប្រយោជន៍ដល់ប្រទេសក្នុងតំបន់ តាមរយៈការចែករំលែកឧបករណ៍ ការអនុវត្តដ៍ប្រសើរ (best practices) បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹកឆ្លងដែន និងជាជំនួយដល់ការសម្របសម្រួលលើការអភិវឌ្ឍ ដែលគាំទ្រដល់ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍដែលមាននិរន្តរភាព និងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕
Hits: 4010