Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ការ​អនុវត្ត​គម្រោង HYCOS ២០១៦-២០១៧ (ថ្ងៃទី ១២-១៤ ខែកក្កដា ឆ្នាំ២០១៦)

វៀងច័ន្ទ៖ កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តី​ពី ការ​អនុវត្ត​គម្រោង HYCOS ២០១៦-​២០១៧, កិច្ច​ប្រជុំ​ស្តី​ពី ការ​ចាប់​ផ្តើម​អនុវត្តន៍​គម្រោង និង​វគ្គ​បណ្តុះ​បណ្តាល​ដល់​ប្រទេស​ជា​សមាជិក បាន​ប្រព្រឹត្ត​ទៅ​នៅ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ ប្រចាំទីក្រុង​វៀងច័ន្ទ ប្រទេសឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សម្រប​សម្រួលថ្នាក់​ជាតិ មន្ត្រី​តំណាង​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ នៃប្រទេស​ជា​សមាជិក លេខាធិការ​ដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ និង​ក្រុម​ការ​ងារ CNR សរុប​ចំនួន ២៣រូប។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) ពិនិត្យលើផែន​ការ​​សកម្មភាពការងាររបស់គម្រោង ប្រព័ន្ធតាមដានជលសាស្ត្រ (HYCOS) ថ្មី និង (២) ពិនិត្យលើផែនការអនុវត្តន៍គម្រោង។

គម្រោង HYCOS បានដំណើរការតាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ ដោយមានការឧបត្ថម្ភពីអង្គការ AFD និង FFEM របស់បារាំង ដើម្បីប្រមូលទិន្នន័យជលសាស្ត្រ ឧតុនិយម ឱ្យបានទាន់ពេលវេលា និងមានគុណភាព និងបង្កើតប្រព័ន្ធបញ្ជូន ព្រមទាំងពង្រឹងសមត្ថភាពថ្នាក់ជាតិ និងថ្នាក់តំបន់។ តាមរយៈគម្រោងនេះ ស្ថានីយ៍ជលសាស្ត្រ ឧតុនិយម ចំនួន ៤៩ ត្រូវបានតម្លើង និងដាក់ឱ្យដំណើរការនៅលើទន្លេមេគង្គមេ និងលើដៃទន្លេ។ ដោយមានតម្រូវការចាំបាច់ពីប្រទេសជាសមាជិក គម្រោងនេះត្រូវបានទទួលការឯកភាពពីដៃគូអភិវឌ្ឍន៍ ក្នុងការបន្តផ្តល់ជំនួយថវិកាដើម្បីដំណើរការជាបន្តទៀតក្រោយឆ្នាំ២០១៤។

គម្រោង Mekong-HYCOS បានបន្តដំណើរការរបស់ខ្លួន ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៧ ក្នុងគោលបំណង (១)​ ថែរក្សា និងពង្រីកស្ថានីយ៍ដែលមានស្រាប់ (២) តម្លើងស្ថានីយ៍ថ្មីនៅតាមដងទន្លេមេគង្គមេ នៅកន្លែងពុំទាន់មានទិន្នន័យ​ (៣) ធ្វើឱ្យប្រសើរនូវប្រព័ន្ធពិនិត្យតាមដាន (៤) ឱ្យមានការប្រើប្រាស់ទិន្នន័យជាធាតុចូល ក្នុងការវិភាគសម្រាប់ជាចំណេះដឹងទាក់ទងនឹងអាងទន្លេមេគង្គទាំងមូល និង (៤) ធ្វើឱ្យប្រសើរការព្យាករណ៍ទឹកជំនន់នៅថ្នាក់ជាតិ និងថ្នាក់តំបន់។ ដោយឡែក សម្រាប់កម្ពុជាបានស្នើសុំបន្ថែមស្ថានីយ៍ស្វ័យប្រវត្តិ ចំនួន ០៣ គឺ កោះខែល អ្នកលឿង និងព្រះរំកិល ក្នុងខេត្តស្ទឹងត្រែង ចម្ងាយប្រមាណ ២ គ.ម ពីព្រំដែនកម្ពុជា‑ឡាវ (ក្រសួងធនធានទឹក និងឧតុនិយម បានតម្លើងស្ថានីយ៍នៅកំពង់ចាម រួចហើយដែរ ដូច្នេះយើងត្រូវស្នើដាក់ស្ថានីយ៍ព្រះរំកិលវិញ ព្រោះថវិកាមានកំណត់)។

កិច្ចប្រជុំបានពិនិត្យ និងឯកភាពជាគោលការណ៍លើផែនការគម្រោង HYCOS និងនីតិវិធី នៃការអនុវត្តការងារ ដោយប្រទេសបានស្នើឱ្យមានការអនុវត្តគម្រោង ប្រកបដោយនិរន្តរភាពតាមតម្រូវការថ្នាក់ជាតិ និងថ្នាក់តំបន់៕

Hits: 3078