Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី​១០ របស់​ក្រុម​សម្រប​សម្រួល​ជំនួយ​បច្ចេក​ទេស នៃ​កម្ម​វិធី​គ្រប់​គ្រង​ព័ត៌​មាន និង​ចំណេះ​ដឹង នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី ០៣-០៤ ខែកុម្ភៈ ឆ្នាំ២០១៥)

(MRC-IKMP)

ហាណូយ៖ កិច្ច​ប្រជុំ​របស់​​ក្រុម​សម្រប​សម្រួល​ជំនួយ​បច្ចេក​ទេស នៃ​កម្ម​វិធី​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះ​ដឹង នៃគណៈកម្មការទន្លេមេគង្គ (TACT) បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្រោម​ការ​ដឹក​នាំ​របស់​តំណាង​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ក្រុម​ការ​ងារ សម្រប​សម្រួល​ជំនួយ​បច្ចេក​ទេស ជំនាញ​ការ​ពី​ក្រសួង​ពាក់ព័ន្ធ នៃ​ប្រទេស​ជា​សមាជិក តំណាង​អង្គការ​អន្តរ​ជាតិ​ដែល​បង្កើត​កម្ម​វិធី​ម៉ូដែល និង​ក្រុម​ការ​ងារ​លេខា​ធិការ​ដ្ឋាន​​គណៈ​​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ២៦រូប។ ដោយឡែក សមាសភាពចូលរួមពីកម្ពុជាដឹកនាំដោយ លោក ឈាង ហុង ប្រធាន​នាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក គឺ ខេមលីន មន្ត្រីសម្រប​សម្រួល​កម្មវិធី​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អមដោយសមាជិក TACT មកពីក្រសួងជំនាញ និង​អ្នកជំនាញ។

កិច្ចប្រជុំបានពិនិត្យលើវឌ្ឍន៍ភាពការងារ ដែលបានអនុវត្តន៍កន្លងមក ចាប់តាំងពីកិច្ចប្រជុំលើកទី៩ របស់ TACT និងប្រកាសឱ្យប្រើប្រាស់ផលិតផល របស់កម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង ក្នុងនោះ​មាន​ (១) ផែនទីគំរបព្រៃឈើឆ្នាំ២០១០ (២) ប្រព័ន្ធគេហទំព័រព័ត៌មាន និង(៣) ឧបករណ៍បច្ចេកទេស (e-Water source) សម្រាប់​ជំនួយ​ដល់ការសិក្សារបស់ក្រុមប្រឹក្សា សំដៅ​ជម្រុញ​ដល់ការចែករំលែកទិន្នន័យ និង​​ព័ត៌មាន ប្រកបដោយ​តម្លាភាព និងគុណភាព ដល់គម្រោងកម្មវិធីនានារបស់​គណៈកម្មការ​ទន្លេ​មេគង្គ អ្នកធ្វើ​សេចក្តី​​​សម្រេច​ចិត្ត អ្នកសិក្សា​ស្រាវជ្រាវ និង​អ្នកពាក់ព័ន្ធ​មេគង្គ។ ​អង្គប្រជុំ​បានចាត់ទុកថា កិច្ចសហការជាមួយ​កម្មវិធី​ពាក់ព័ន្ធ​ក្នុងការផ្តល់សេវាកម្ម និងផលិតផល ក្នុងប្រព័ន្ធ​ព័ត៌មាន​​របស់គណៈកម្មការទន្លេមេគង្គ(MRC-IS) តាមរយៈ​កម្មវិធី​​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង ជាដំណោះ​ស្រាយប្រកបដោយ​សមហេតុ​ផលតាមបែប​វិទ្យា​​​សាស្ត្រ​​ របស់​​គណៈកម្មការ​ទន្លេមេ​គង្គ ក្នុងការពង្រឹងការងារ​សម្រប​​សម្រួល ​ក្នុងកិច្ច​សហ​​ប្រតិ​​បត្តិការ​មេ​គង្គ ជា​មួយ​​បណ្តា​​​​ប្រទេស​ និងអ្នកពាក់ព័ន្ធតាម​​​ដង​​​ទន្លេមេគង្គ និង​ភាព​ជាដៃគូ។ អង្គប្រជុំ​ក៏បាន​ទទួល​ស្គាល់​អំពី​បញ្ហា​ប្រឈម និង​​​ជម្រុញឱ្យកម្មវិធីបង្កើនល្បឿននៃ​ការអនុវត្ត​សកម្មភាព​​​ការ​ងារ ជាមួយការពង្រឹង​សមត្ថ​ភាព​ការ​ងារ​នៅថ្នាក់​ជាតិ​មុនឆ្នាំ២០១៥ និងបាន​គិតគូរ​អំពី​យុទ្ធ​សាស្ត្រ​​​សម្រាប់អនុវត្ត​ន៍ការងាររបស់​គណៈកម្មការ​​​​ទន្លេ​មេ​គង្គ​នៅ​​​ក្រោយ​​​ឆ្នាំ២០១៥ នៅពេលដែល​ប្រទេស​ជា​សមាជិក​មេគង្គចាប់ផ្តើម​អនុវត្ត​​វិមជ្ឈការ​មុខងារ​ស្នូល។  

កិច្ចប្រជុំលើកទី១១ របស់គណៈកម្មាធិការសម្របសម្រួលជំនួយបច្ចេកទេសគ្រោងនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៥ នៅប្រទេសថៃ៕

Hits: 3305