កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើការអនុវត្តនីតិវិធីនានា របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥)
(CNMC-M-IWRM)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លើការអនុវត្តនីតិវិធីនានា របស់គណៈកម្មការទន្លេមេគង្គ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ទីរួមខេត្តសៀមរាប ក្រោមការដឹកនាំប្រជុំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធការអនុវត្តនីតិវិធីនីមួយៗ មកពីក្រសួង-ស្ថាប័នជាសមាជិក និងមន្ត្រីលេខាធិការដ្ឋាន CNMC និង MRCS សរុបចំនួន ២៥រូប។
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនេះ មានគោលបំណង ទី1៖ ស្វែងយល់លំអិតពីគំនិត និងការយល់ដឹងពីវេទិការរួមរបស់ MRC ទី2៖ ពិភាក្សាផ្លាស់ប្តូរយោបល់លើមេរៀន និងបទពិសោធន៍នៃការអនុវត្តនីតិវីធីទាំង ៥ របស់គណៈកម្មការទន្លេមេគង្គរួមមាន នីតិវិធីស្តីពីការចែករំលែកទិន្នន័យ និងព័ត៌មាន នីតិវិធីស្តីពីការប្រើប្រាស់ទឹក នីតិវិធីស្តីពីការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង នីតិវិធីស្តីពីការរក្សាលំហូរអប្បបរិមាតាមទន្លេមេ និងនីតិវិធីស្តីពីគុណភាពទឹក និងទី3៖ ស្វែងរកអនុសាសន៍នៅថ្នាក់ជាតិលើបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់បន្តអនុវត្តនីតិវិធីរបស់ MRC ឱ្យកាន់តែប្រសើរឡើង។
លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនាថ្ងៃនេះ នឹងយកទៅចូលរួមជាវិភាគទានសម្រាប់ការពិភាក្សា ក្នុងវេទិការពិភាក្សារួមថ្នាក់តំបន់របស់គណៈកម្មការទន្លេមេគង្គក្នុងខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕
Hits: 9144