Developed by Khmer Focus

កិច្ច​ប្រ​ជុំ​ក្រុម​ការ​ងារ​បច្ចេក​ទេស​នៃ​គម្រោង​ឆ្លង​ដែន (ថ្ងៃទី ២៧-២៨ ខែ​កក្កដា ឆ្នាំ២០១៥)

(MRC-MIWRM)

ភ្នំពេញ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​​ក្រុម​ការ​ងារ​បច្ចេក​ទេស​នៃ​គម្រោង​ឆ្លង​ដែន នៅ​លេខា​ធិការ​ដ្ឋាន​គណៈ​​កម្មការ​ទន្លេ​មេគង្គ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី មន្ត្រី​ទទួល​បន្ទុក​គម្រោង​ឆ្លង​ដែន​ស្តី​ពី ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ (M-IWRMP) របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ ដឹក​នាំ​ដោយ​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការ​រង និង​ជា​មន្រ្តី​សម្រប​សម្រួល​គម្រោង​ថ្នាក់​ជាតិ មន្រ្តី​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា មន្រ្តី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម មន្រ្តី​អាជ្ញាធរ​ទន្លេ​សាប និង​មន្រ្តី​រដ្ឋ​បាល​ជល​ផល ក្រុម​ការ​ងារ​បច្ចេក​ទេស​នៃ​គម្រោង M-IWRMP នៃ​ប្រទេស​ជា​សមា​ជិក​ និង​មន្រ្តី​លេខា​ធិការ​ដ្ឋាន MRC សរុប​ចំនួន ២៨រូប។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ ដើម្បី​ពិនិត្យ តាម​ដាន និង​វាយ​តម្លៃ​ដំណើរ​ការ​អនុវត្ត​គម្រោង លទ្ធ​ផល និង​ទិស​ដៅ​ការ​ងារ​របស់​ប្រទេស​ជា​សមា​ជិក​រហូត​ដល់​ដំណាច់​ឆ្នាំ​២០១៥ និង​ការ​ពិភាក្សា​គំនិត ដើម្បី​ផ្សារ​ភ្ជាប់​ការ​ងារ​របស់​គម្រោង ទៅ​នឹង​ការ​ផ្សព្វ​ផ្សាយ ការ​ធ្វើ​ប្រា​ស្រ័យ​ទាក់​ទង​នឹង​បណ្តាញ​គេហ​ទំព័រ ទស្សនា​វដ្តី និង Face​Book របស់ MRC។

កិច្ច​ប្រជុំ​បាន​សម្រេច​លទ្ធ​ផល ដោយ​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ការ​អនុវត្ត​គម្រោង​នៅ​តាម​ប្រទេស បាន​បង្កើន​ការ​យល់​ដឹង​លើ​ខ្លឹម​សារ​នៃ​ការ​ងារ​ស្រាវ​ជ្រាវ ឯក​សារ​បច្ចេក​ទេស​ពាក់​ព័ន្ធ និង​ទស្សនៈ​ច្បាប់​នានា ដូច​ជា​កិច្ច​ព្រម​ព្រៀង​មេ​គង្គ ១៩៩៥ និង​នីតិ​វិធី​របស់ MRC តាម​រយៈ​គេហ​ទំព័រ បណ្ណា​ល័យ​សាស្រ្ត របស់ MRC និង​បាន​ពិភាក្សា និង​ឯក​ភាព​ការ​ងារ​បន្ត​ដល់​ដំណាច់​ឆ្នាំ​២០១៥ រួម​មាន​កិច្ច​ប្រជុំ​បច្ចេក​ទេស​តាម​ប្រទេស និង​កិច្ច​ប្រជុំ​រួម​រវាង​ប្រទេស​ក្នុង​ការ​ងារ​រៀប​ចំ​ឯក​សារ​រួម​ស្តី​ពី បញ្ហា​គ្រប់​គ្រង​ទឹក​ឆ្លង​ដែន​សំខាន់ៗ ( Joint Paper on Significant Water Management Issues) រវាង​ប្រទេស​កម្ពុជា-​វៀតណាម​សម្រាប់​ដី​សណ្ត តំបន់​មេគង្គ តំបន់​ទន្លេ​សេ​សាន-​ស្រែ​ពក រវាង​កម្ពុជា-​ឡាវ លើ​ការ​គ្រប់​គ្រង​ជល​ផល​ទន្លេ​មេគង្គ និង​ទន្លេ​សេកុង និង​រវាង​ឡាវ-​ថៃ លើ​ការ​គ្រប់​គ្រង​អាង​ទន្លេ​ណាំ​កាម-​សេបាងហ៊ាម៕

Hits: 3879