(CNMC-MIWRM)
ភ្នំពេញ៖ ពិធីចរចារស្តីពី គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ សម្រាប់ប្រទេសកម្ពុជា បានរៀបចំធ្វើឡើងនៅ សាលប្រជុំការិយាល័យធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមពីភាគីចរចាររួមមាន៖ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមាន១០រូប ដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយសមាជិកប្រតិភូរួមមានឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយករដ្ឋបាលជលផល ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងឯកឧត្តម អស់លោកជាមន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា រដ្ឋបាលជលផល ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រតិភូធនាគារពិភពលោកចំនួន៨ រូប ដឹកនាំដោយលោក Greg Browder ប្រធានក្រុមបច្ចេកទេស ជាប្រធាន និងអមដំណើរដោយលោក លោកស្រីជាមន្រ្តីធនាគារពិភពលោក។
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ សម្រាប់ប្រទេសកម្ពុជា ជាគម្រោងឥណទាន មានទឹកប្រាក់ ១៥ លានដុល្លារសហរដ្ឋ មានរយៈពេល ៥ឆ្នាំ សម្រាប់ការគ្រប់គ្រងធានធានទឹក និងធនធានជលផលនៅអាងទន្លេសេកុង-សេសាន-ស្រែពក និងទន្លេមេគង្គ ក្នុងភូមិភាគឦសានប្រទេសកម្ពុជា។ គម្រោងសម្រាប់ការគ្រប់គ្រងធានធានទឹក មានទឹកប្រាក់ ៥លានដុល្លារ នឹងអនុវត្តដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមសហការដោយក្រសួងធនធានទឹក និងឧតុនិយម និងគម្រោងគ្រប់គ្រងធនធានជលផល មានទឹកប្រាក់ ១០លានដុល្លារ នឹងអនុវត្តដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ដំណើរការចរចារបានប្រព្រឹត្តទៅដោយបានពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃឯកសារពាក់ព័ន្ធសំខាន់ៗ និងការត្រៀមអនុវត្តរបស់ស្ថាប័ននីមួយៗ ក្នុងនោះឯកសារហិរញ្ញវត្ថុ លិខិតបែបបទសម្រាប់ហិរញ្ញវត្ថុ និងឯកសារវាយតម្លៃគម្រោង។ អង្គចរចារបានសម្រេចលទ្ធផលគឺ ឯកភាពលើចំណុចព្រមព្រៀង និងចំណុចស្រាយបញ្ជាក់បន្ថែម ដែលមានចែងក្នុងកំណត់ហេតុនៃកិច្ចចរចារដែលចុះហត្ថលេខារវាងប្រធានប្រតិភូភាគីទាំងពីរ និងបានឯកភាពលើឯកសារហិរញ្ញវត្ថុ និងឯកសារវាយតម្លៃគម្រោង ដែលនឹងដាក់ជូនក្រុមប្រឹក្សារបស់ធនាគារពិភពលោកពិនិត្យ និងសម្រេច និងរៀបចំតាមគតិយុត្តិរបស់រាជរដ្ឋាភិបាល ដើម្បីចូលជាធរមានសម្រាប់ប្រសិទ្ធភាពអនុវត្តគម្រោង៕