ជំនួបប្រជុំជាមួយមន្រ្តី WWF ជាមួយមន្រ្តី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
(CNMC)
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៩ និង៣០ព្រឹក នៅសាលប្រជុំ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានជំនួបប្រជុំរវាងមន្រ្តីអង្គការ WWF មាន ០២រូប ដឹកនាំដោយលោក Marc Goichot, Lead Water and Energy Security និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (គ.ជ.ទ.ម.ក) មាន ០៤រូប ដឹកនាំដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គ.ជ.ទ.ម.ក ក្នុងគោលបំណងដើម្បី ពិភាក្សាស្វែងយល់ពីការងារគម្រោងអភិវឌ្ឍន៍ធនធានទឹកនៅក្នុងបរិបទគណៈកម្មការទន្លេមេគង្គ និងប្រទេសកម្ពុជា និងពិភាក្សាលើគំនិតផ្តួចផ្តើមការសិក្សាផ្នែកសេដ្ឋកិច្ចទឹកសម្រាប់ប្រទេសកម្ពុជា។
ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល បានស្វាគមន៍ និងអរគុណចំពោះការស្នើសុំឱ្យមានជំនួបប្រជុំនេះ ដែលពិតជាមានសារសំខាន់ដើម្បីស្វែងយល់ពីកិច្ចការសំខាន់ៗរវាងគ្នា និងកសាងកិច្ចសហប្រតិត្តិការក្នុងវិស័យទឹក និងវិស័យពាក់ព័ន្ធ តាមអណត្តិរបស់ គ.ជ.ទ.ម.ក ដែលបំពេញការងារសម្របសម្រួលជាមួយក្រសួងជាសមាជិក និងប្រទេសជាសមាជិក និងគណៈកម្មការទន្លេមេគង្គ។ ឯកឧត្តម បានជម្រាបជូនបន្ថែមជុំវិញស្ថានភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកក្នុងបរិបទគណៈកម្មការទន្លេមេគង្គ បញ្ហាប្រឈមនានាដែលអាងទន្លេមេគង្គកំពុងជួបប្រទះ បញ្ហាកង្វះទឹក ភាពរាំងស្ងួត កិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងការដោះស្រាយភាពប្រឈម ដំណើរការអភិវឌ្ឍន៍សម្រាប់អនុវត្តយុទ្ធសាស្រ្តអាងទន្លេ ការខិតខំរបស់ក្រសួងជាសមាជិក ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម ក្នុងការបង្កើតបទដ្ឋានច្បាប់ យន្តការគ្រប់គ្រងអាងទន្លេ ប្រព័ន្ធគ្រប់គ្រងធារាសាស្រ្តជាដើម។
លោក Marc Goichot បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនផ្នែកវិស័យទឹកនៅកម្ពុជា វាយតម្លៃពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ និងបានទទួលស្គាល់ភាពប្រឈមជាច្រើននៅក្នុងតំបន់ និងសម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសស្ថិតនៅខាងក្រោម ទទួលរងឥទ្ធិពលពីការអភិវឌ្ឍនៅតំបន់ខ្សែទឹកខាងលើ ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ីសម្រាប់ទន្លេមេគង្គ បឹងទន្លេសាប និងដីសណ្តមេគង្គទាំងមូល។ លោក Marc Goichot បានលើកឡើងពីបំណងនៃ WWF ស្វែងរកថវិកាដើម្បីធ្វើការសិក្សាផ្នែកសេដ្ឋកិច្ចទឹកសម្រាប់កម្ពុជា។ គម្រោងសិក្សានេះមានរយៈពេល ៦ខែក្នុងឆ្នាំ២០១៦នេះ ដែលនឹងមានរបាយការណ៍ វាយតម្លៃពីតម្លៃទឹកសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ដែលបង្ហាញសូចនាករ អភិវឌ្ឍ និងគ្រប់គ្រងទឹកចំពោះវិស័យសេដ្ឋកិច្ច សង្គម បរិស្ថាន ព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលអាស្រ័យទឹកផងដែរ ហើយលោកបានស្នើសុំ គ.ជ.ទ.ម.ក ជាស្ថាប័នសម្របសម្រួលក្នុងដំណើរការសិក្សានេះ។
កិច្ចប្រជុំបានពិភាក្សា និងវាយតម្លៃពីសារសំខាន់នៃការសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារដែល គ.ជ.ទ.ម.ក សហការជាមួយក្រសួងពាក់ព័ន្ធអនុវត្តការងារកសាងផែនការអាងទន្លេ ការកសាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ ការកសាងផែនការចង្អុលថ្នាក់ជាតិ ការរៀបចំ និងវាយតម្លៃសេណារីយ៉ូអភិវឌ្ឍន៍ជាដើម ដែលមានការចូលរួមពីគ្រប់ភាគីស្ថាប័នរដ្ឋាភិបាល និងសង្គមស៊ីវិល។ កិច្ចប្រជុំបានឯកភាពថា នឹងបន្តមានការពិភាក្សាធំទូលាយជាងនេះ ជាមួយមន្រ្តី គ.ជ.ទ.ម.ក និងក្រសួងជំនាញសំខាន់ៗ ហើយបានឯកភាព នឹងជម្រាបរាយការណ៍ជូនថ្នាក់ដឹកនាំ គ.ជ.ទ.ម.ក ដើម្បីពិនិត្យ និងសម្រេចលើគំនិតផ្តួចផ្តើមការសិក្សាផ្នែកសេដ្ឋកិច្ចទឹកនៅកម្ពុជា។
កិច្ចប្រជុំបានបញ្ចប់នាវេលាម៉ោង ១១ព្រឹក ប្រកបដោយបរិយាកាសកិច្ចសហប្រតិបត្តិការ៕
Hits: 3438