វេទិការសន្ទនា ASEAN TALK ស្តីពី សន្តិសុខទឹកតំបន់មេគង្គ (ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមជាវាគ្មឹន ក្នុងវេទិកាសន្ទនាអាស៊ានស្តីពី សន្តិសុខទឹកក្នុងតំបន់ទន្លេមេគង្គ ដែលសហការរៀបចំដោយ វិទ្យាស្ថានកម្ពុជាសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) និងមជ្ឈមណ្ឌល HABIBIE ឥណ្ឌូនេស៊ី នៅសណ្ឋាគារ Raffles Le Royal Hotel រាជធានីភ្នំពេញ។ វេទិកាសន្ទនាបានប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពសម្តេច នរោត្តម សិរីវុឌ្ឍ ព្រះប្រធានស្ថានិក CICP ដែលបានបន្ទូលបើកអង្គវេទិកា និងចំណាប់អារម្មណ៍របស់តំណាងមជ្ឈមណ្ឌល HABIBIE និងមានការអញ្ជើញចូលរួមពីវាគ្មឹនធ្វើបទឧទ្ទេសនាម ពីមន្រ្តីតំណាងក្រសួង-ស្ថាប័នជាតិ តំណាងស្ថាទូតនានា តំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ និងនិស្សិតសកលវិទ្យាល័យនានា សរុបចំនួន ៣៨រូប។
អង្គវេទិកាបានដំណើរការដោយបានស្តាប់នូវបទឧទ្ទេសនាមចំនួន ០៤៖
- (១) បញ្ហា និងភាពប្រឈមនានាពាក់ព័ន្ធសន្តិសុខទឹកក្នុងអាងទន្លេមេគង្គភាគខាងក្រោម រៀបចំដោយ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា
- (២) ផលប៉ះពាល់នៃវារីអគ្គិសនីលើទន្លេមេចំពោះសន្តិសុខមនុស្ស រៀបចំដោយឯកឧត្តម ពូ សុធារ័ក អគ្គនាយក CICP
- (៣) អភិបាលកិច្ចទន្លេមេគង្គ និងការកសាងសមាគមន៍អាស៊ាន ដោយលោកបណ្ឌិត ឈាង ប៊ុណ្ណារិទ្ធ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្តសិក្សាកម្ពុជា និងជាជំនាញការសម្រាប់មូលនីធិ NIPPON សឹង្ហបុរី
- (៤) ការសាងសង់ទំនប់លើដៃទន្លេមេគង្គ ពាក់ព័ន្ធសន្តិសុខទឹក និងកិច្ចព្រមព្រៀងមេគង្គ១៩៩៥ រៀបចំដោយលោកបណ្ឌិត ម៉ក់ សិទ្ធារិទ្ធ សាស្រ្តាចារសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឯកឧត្តម វ៉ាត់ បុត្តកុសល បានចូលរួមចែករំលែកនូវចំណេះដឹង និងព័ត៍មាន ពាក់ព័ន្ធនឹងបញ្ហា និងភាពប្រឈមនានាពាក់ព័ន្ធសន្តិសុខទឹកក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយបានបង្ហាញច្បាស់ជំហរប្តេជ្ញាចិត្តរបស់រាជរដ្ខាភិបាល ផ្សារភ្ជាប់ជាមួយទស្សនៈសន្តិសុខទឹក ដែលមានស្ថាប័នជាតិអនុវត្ត ជាពិសេសដូចជា ក្រសួងធនធានទឹក និងឧតុនិយម បានបំពេញភារកិច្ចបានច្រើនក្នុងកិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹកនៅកម្ពុជា រួមទាំងការកសាងបទដ្ឋានគតិយុត្តិ ច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹក ការកសាងគោលនយោបាយ និងយុទ្ធសាស្រ្ត ការសិក្សាវាយតម្លៃធនធានទឹកក្នុងប្រទេស ការកសាងហេដ្ឋារចនាសម្ព័ន្ធទឹក-ទំនប់ប្រឡាយ និងការកសាងអាងស្តុកទឹកជាដើម និង គណៈកម្មាធិការជាតិទន្លេមេគង្គ បានបំពេញភារកិច្ច ទាក់ទងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ ចូលរួមបង្កើតបទដ្ឋានគតិយុត្តិ ច្បាប់-កិច្ចព្រមព្រៀងមេគង្គ១៩៩៥ នីតិវិធីប្រើប្រាស់ គ្រប់គ្រង និងពិនិត្យវាយតម្លៃធនធានទឹក ការកសាងផែនការអភិវឌ្ឍន៍អាង និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេ មានការសិក្សា និងវាយតម្លៃការអភិវឌ្ឍក្នុងតំបន់ទន្លេមេគង្គ ដែលបានសហការរៀបចំរវាងប្រទេសជាសមាជិក និងគណៈកម្មការទន្លេមេគង្គ។ ចំពោះបញ្ហគ្រប់គ្រងធនធានទឹក និងភាពប្រឈមនានា ចាំបាច់ត្រូវចូលរួមដោះស្រាយរួមគ្នា ដើម្បីពង្រឹងសន្តិសុខទឹកនៅក្នុងតំបន់ និងក្នុងប្រទេសតាមរយៈសំណើរៀបចំផែនការសន្តិសុខទឹករបស់ប្រទេស និងតម្រូវការថវិកាសម្រាប់ដំណើរការ។
ជារួម អង្គវេទិកា បានវាយតម្លៃខ្ពស់អំពីប្រធានបទសន្តិសុខទឹកក្នុងតំបន់មេគង្គ ដែលត្រូវពង្រីកវិសាលភាពក្នុងតំបន់អាស៊ានទាំងមូល ហើយបានកត់សម្គាល់ថា គណៈកម្មការទន្លេមេគង្គ អាចជា Sub-regional Institute (នៃអាស៊ានដែលជា Regional Institute) សម្រាប់កិច្ចការសម្របសម្រួលលើបញ្ហាសន្តិសុខទឹក ក្នុងតំបន់ទន្លេមេគង្គ ប៉ុន្តែស្នើមានការចូលរួមពីប្រទេសចិន និងមីយ៉ានម៉ា ទើបមានប្រសិទ្ធភាពខ្ពស់ ហើយសំណូមពរថា ក្នុងតំបន់អាស៊ានត្រូវយកចិត្តទុកដាក់ការងារសន្តិសុខទឹកជាចម្បង ចាប់ពីពេលនេះតទៅ និងស្នើសុំប្រទេសជំនួយ និងដៃគូអភិវឌ្ឍន៍ ពិចារណាការផ្តល់ថវិកាសិក្សាស្រាវជ្រាវបន្ថែម៕
Hits: 4123